ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយពេលដកតំណែងប្រធាន FBI ប្រធានាធិបតី ត្រាំ ជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកLavrov នៅសេតវិមាន ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខស៊ិរី និង បញ្ហាអន្តរជាតិនានា ។

សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មាន ពីមន្ត្រីជាន់ខ្ពស់អាមេរិកបញ្ជាក់ថា នៅថ្ងៃទី ១០ ខែឧសភា ប្រធានាធិបតីដូណាល់ ត្រាំ នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅសេតវិមានស្តីពីស្ថានភាពនៅស៊ីរី និងទំនាក់ទំនងប្រទេសទាំងពីរ ។

ទំនាក់ទំនងរវាងរុស្ស៊ី នឹងអាមេរិក អាក្រក់ទៅ ក្នុងពេលដែលអាមេរិកបើកការវាយប្រហារទៅលើទីតាំងទាហានអាកាសស៊ីរី ក្រោយពេលស៊ីរីវាយប្រហារដោយអាវុធគីមី ដែលអាមេរិកចាត់ទុកថា ជាសកម្មភាពរបស់រដ្ឋាភិបាលលោកអាល់ អាសាដ។

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងប្រធានាធិបតីត្រាំ កើតឡើងចំពេលដែល អាមេរិក ទើបតែដកហូតតំណែងប្រធាន FBI លោក James Comey។ ការដកហូតតំណែងនោះត្រូវបានគណបក្សប្រជាធិបតេយ្យ ចាត់ទុកថា ជាការរារាំង ដល់ការស្រាវជ្រាវពីទំនាក់ទំនងរវាងរុស្ស៊ី នឹងអាមេរិក ពិសេសគឺការលូកដៃរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិកនាពេលកន្លងមក។

ទូរទស្សន៍ BBC ទើបនឹងចេញផ្សាយ អត្ថបទនៅថ្ងៃពុធទី១០ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា ប្រធានាធិបតីដូណាល់ ត្រាំបានសម្រេចចិត្តដកតំណែងលោក James Comeyប្រធានភ្នាក់ងារ FBI នេះបើយោងតាមអះអាងរបស់សេតវិមាន។

ការថ្លែងប្រកាសដ៏គួរភ្ញាក់ផ្អើលត្រូវបានធ្វើឡើងនៅបន្ទាប់ពីពេលដែលមានលេចឮព័ត៌មានដែលនិយាយថា លោកComeyបានផ្តល់ព័ត៌មានមិនច្បាស់លាស់ អំពីសារអេឡិចត្រូនិករបស់លោកស្រី Hilary Clinton ទៅកាន់សភាជាតិកាលពីសប្តាហ៍ មុន។

គួរបញ្ជាក់ថាលោកស្រី Clinton ដែលធ្លាប់បានបន្ទោសទៅដល់ លោកComeyថាជាអ្នកដែលបានធ្វើឲ្យលោកស្រីមិនអាចទទួលជ័យជំនះលើលោកដូណាល់ ត្រាំក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យលោក Chuck Schumer បញ្ជាក់ថា «ខ្ញុំបាននិយាយទៅកាន់ប្រធានាធិបតីថា គាត់កំពុងតែធ្វើខុសយ៉ាងធំ» ដែលដកតំណែ ងប្រធាន FBI ៕ ម៉ែវ សាធី


ចែករំលែក៖