ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយលក់ Ronaldo ប្រធានក្លិប Real Madrid សន្យាទិញកីឡាករល្អៗមកពង្រឹងក្រុម

ចែករំលែក៖

លោក Florentino Perez ប្រធានក្លិបយក្សអេស្ប៉ាញ Real Madridបានប្តេជ្ញាថា នឹងចាយ លុយទិញកីឡាករល្អៗយកមកពង្រឹងក្រុមសម្រាប់រដូវកាលថ្មីនេះ។

ក្រុម Real Madrid បានបាត់បង់អ្នកចាត់ការទូទៅ Zinedine Zidane ដែលជួយក្រុមឈ្នះ ជើងឯក Champions League បីសម័យជាប់គ្នា ហើយក៏បានលក់ខ្សែប្រយុទ្ធរកគ្រាប់បាល់ ច្រើនបំផុតឲ្យក្លិបគឺកីឡាករ Cristiano Ronaldo ទៅឲ្យក្រុមសេះបង្កង់Juventus នៅក្នុងប្រទេសអ៊ីតាលីទៀត ។

បច្ចុប្បន្នគេសង្កេតឃើញក្រុមReal Madridបានទិញតែកីឡាករវ័យក្មេងដូចជា Alvaro Odriozola វ័យ២២ឆ្នាំ, Vinicius Junior វ័យ១៨ឆ្នាំ និងAndriy Lunin វ័យ១៩ឆ្នាំ។

លោក Florentino Perez បាននិយាយនៅក្នុងសន្និសិទ្ធកាសែតមួយថា “យើងត្រូវតែ ពង្រឹងក្រុមបច្ចុប្បន្ននិងអណាគតរបស់យើង។ក្រុមនេះនឹងត្រូវធ្វើឲ្យរឹងមាំដោយមាន កីឡាករល្អអស្ចារ្យមកចូលរួម។ យើងគឺជាក្រុមខ្លាំងមានលុយច្រើនសន្ធឹកសន្ធាប់ សម្រាប់ទិញកីឡាករថ្លៃៗដើម្បីផ្គាប់ចិត្តអ្នកគាំទ្ររាប់លាននាក់” ។

ថ្មីៗនេះមានព័ត៌មានផ្សាយថាកីឡាករសំខាន់ៗដែលក្លិប Real Madrid ចង់បានគឺ កីឡាករពីររូបរបស់បែលហ្ស៊ិក Hazard និងអ្នកចាំទី Courtois របស់ក្លិបតោខៀវ Chelseaហើយ ខ្សែប្រយុទ្ធប្រេស៊ីល Neymar របស់Paris Saint-Germain ក៏ជាទិសដៅរបស់ក្លិប យក្សអេស្ប៉ាញនេះដែរ ៕


ចែករំលែក៖