ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយ​ប្រតិកម្ម​ខ្លាំង​ៗ​ពី​មហាជន​ ,​ តុលាការ​ខេត្ត​កណ្ដាល​ ដោះលែង​ស្ត្រី​ដ៏​ស៊ិចស៊ី​ “Love Riya”​ ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន​

ចែករំលែក៖

ភ្នំពេញ​៖​ ក្រោយ​ប្រតិកម្ម​ខ្លាំង​ៗ​ពី​មហាជន​ លោក​សាយ​ សម្ផស្ស​សេរី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែ​សីហា​ នេះ​ សម្រេច​ដោះលែង​ស្ត្រី​ដ៏​ស៊ិចស៊ី​”Love Riya”​ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​ថា​ នេះ​ជា​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន​ តែ​នីតិវិធី​តុលាការ​នៅ​ដំណើរការ​ជា​ធម្មតា​ ។​

ប្រភព​ព័ត៌មាន​ បន្តថា​ ការ​ដោះលែង​នេះ​ គឺ​ ស្ត្រី​ដ៏​ស៊ិចស៊ី​នេះ​ បាន​តម្កល់​ប្រាក់​ចំនួន​៨លាន​រៀល​ មិន​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ និង​ ត្រូវ​ចូល​បង្ហាញ​ខ្លួនគ្រប់​នីតិវិធី​តុលាការ​ជា​ដើម​ ដោយ​ស្រប​តាម​មាត្រា​២០៥នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ។

គួរ​រំលឹក​ថា​ ​ លោក​ សាយ​ សម្ផស្ស​សេរី​ ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០១៧​ នេះ​ សម្រេច​បញ្ជូន​តារាលក់ឡេលាបស្បែកតាម Facebook ជាមួយការបញ្ចេញរូបរាងកាយដ៏សិចស៊ី «Love Riya»ទៅ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ​ ករណី​​លក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពស្បែករបស់អ្នកប្រើប្រាស់។​

មន្ត្រី​តុលាការ​ ថ្លែង​ថា​ ស្ត្រី​ដ៏​ស៊ិចស៊ីរូប​​នេះ​ ត្រូវបាន​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ តាម​មាត្រា​១៧​និង​មាត្រា​៦៣នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គុណភាព​និង​សេវា​ ។

មាត្រា​១៧នៃ​ច្បាប់​នេះ​ចែង​ថា​ “​ ត្រូវបាន​ហាមឃាត់​ដាច់ខាត​ការ​ក្លែង​ផលិតផល​ទំនិញ​ដែល​ធ្វើ​ជា​កម្មវត្ថុ​ពាណិជ្ជកម្ម​ឬ​ទុក​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ ដោយ​ធ្វើ​ការ​កែច្នៃ​ផលិតផល​ទំនិញ​ដោយ​របៀប​ណាមួយ​ ដោយ​ធ្វើ​ការ​បញ្ចូល​បន្ថែម​ការ​ដក​ចេញ​ឬ​ប្តូរ​ជំនួស​នៃ​ភាគ​ណាមួយ​ឬ​ភាគ​ទាំងមូល​ដែល​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដោយ​បទបញ្ញតិ​ឬ​ទម្លាប់​ បើ​ពុំ​មាន​បទបញ្ញតិ​​ឬ​ដែល​សមស្រប​ទៅ​នឹង​បទបញ្ញតិ​ “​ ។​

មាត្រា​៦៣វិញ​ចែង​ថា​”ទោស​នេះ​ត្រូវបាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១ខែ​ទៅ​១ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៥លាន​រៀល​ទៅ​១០លាន​រៀល​”​ ។

នគរបាល​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ នៃ​ក្រសួង​មហាផ្ទៃ​ នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែ​សីហា​ នេះ​ បញ្ជូន​​តារាលក់ឡេលាបស្បែកតាម Facebook ជាមួយករណីលក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពស្បែករបស់អ្នកប្រើប្រាស់។​

លោក ទូច យុទ្ធា អនុប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ បានប្រាប់ ថា ការបង្រ្កាបបានធ្វើឡើងនៅគេហដ្ឋានរបស់ស្រ្តីនេះផ្ទាល់តែម្តង ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្រ្តីរូបនេះ មានឈ្មោះពិតថា ឆេង ស្រីរ័ត្ន។

លោក ទូច យុទ្ធា បានបញ្ជាក់ថា ការឃាត់ខ្លួនបានធ្វើឡើងបន្ទាប់ពីស្រ្តីរូប បានលក់ផលិតផលដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាពឲ្យបាន ច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។ ជាពិសេសផលិតផលលេដែលស្រ្តីរូបនេះលក់ និងអះអាងថា ជួយឲ្យស្បែកស ក្នុងរយៈពេល៧ថ្ងៃនោះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។

ជាមួយការចុះឆែកឆេរនេះសមត្ថកិច្ចរកឃើញឡេ ដែលលាយដោយ «Love Riya» ជាច្រើន ហើយក៏បានរឹបអូសផងដែរ។ បើតាមលោក ទូច យុទ្ធា ផលិតផលជាវត្ថុតាង និងសារធាតុផ្សំដែលដកហូតមានចំនួនសរុបប្រហែល ១,៣៧០គីឡូក្រាម។

លោក ទូច យុទ្ធា បានបញ្ជាក់ថា ស្រ្តីរូបនេះត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ហើយបើពិនិត្យឃើញមានករណីធ្ងន់ធ្ងរនឹងកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការ។

សូមបញ្ជាក់ថា «Love Riya» គឺជាតារា Facebook ដ៏ល្បីមួយរូបផងដែរ ដោយសារតែស្រ្តីរូបនេះតែងតែផ្សាយផ្ទាល់តាមទំព័រ Facebook ជាមួយការបញ្ចេញរូបរាងដ៏ស៊ិចស៊ីរបស់នាង និងផ្សព្វផ្សាយលក់ផលិតផលលេលាបស្បែក៕ចេស្តា


ចែករំលែក៖