ព័ត៌មានទាន់ហេតុការណ៍៖

ក្រៅពីក្រុមកីឡាករ កូរ៉េខាងជើងបានបញ្ជូនក្រុមសិល្បៈ ចម្រុះទៅចូលរួមសម្តែងនៅកូរ៉េខាងត្បូង

ចែករំលែក៖

សិល្បៈវិប្បធម៌កូរ៉េខាងជើង តិចបានបង្ហាញដល់សហគមន៍អន្តរជាតិបានដឹង ដោយសារតែប្រទេសនេះ ស្ថិតនៅក្នុងប្រទេសអាថ៌កំបាំងបំផុតលើពិភពលោក គ្មានអ្នកណាម្នាក់ដឹងច្បាស់ពីកូរ៉េខាងជើងនោះឡើយ។ រាល់ការប្រកួតកីឡានៅកូរ៉េខាងត្បូង ឬចិនដែលជាប្រទេសជិតខាង កូរ៉េខាងជើងតែងតែបញ្ជូនក្រុមសិល្បៈចម្រុះរបស់ខ្លួនទៅសម្តែង ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយនានានៅលើពិភពលោក។

នៅការប្រកួតកីឡាអូឡាំពិករដូវរងា នៅដើមខែកុម្ភៈ ខាងមុខនៅកូរ៉េខាងត្បូងកូរ៉េខាងជើង ក៏បានសម្រេចបញ្ជូនក្រុម សិល្បៈចម្រុះចំនួន១៤០នាក់ ក្នុងនោះមានក្រុមតន្ត្រីដ៏ល្បីរបស់កូរ៉េខាងជើងផងដែរ។

សារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ បានប្រកាសថា កូរ៉េខាងជើងនឹងបញ្ជូនក្រុមសិល្បៈ ១៤០នាក់ ក្នុងនោះរួមមានទាំងក្រុមតន្ត្រី orchestra ផងដែរ មកកាន់ប្រទេសកូរ៉េខាងត្បូង នៅអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្នុងទីក្រុង Pyeong Chang នៅខែកុម្ភៈខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។

KCNA នៅក្នុងសេចក្ដីថ្លែងការណ៍បន្ទាន់មួយចេញផ្សាយនៅម៉ោង ៤និង៣៦នាទី ព្រឹកមិញនេះ បានបញ្ជាក់ទៀតថា នៅអំឡុងកិច្ចប្រជុំកូរ៉េទាំងពីរបានពិភាក្សាគ្នា ប្រកប ដោយភាពស្មោះត្រង់ លើគំរោងបញ្ជូនក្រុមសិល្បៈកូរ៉េខាងជើង ឱ្យទៅចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ព្រមទាំងអាចឈានដល់ការអនុម័ត លើសេចក្ដីថ្លែងការណ៍រួមមួយផងដែរ។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍នេះដដែល កូរ៉េខាងជើងនឹងបញ្ជូនក្រុមសិល្បៈ ក្នុងនោះមានទាំងអ្នកចម្រៀង ក្រុមរាំ និងតន្ត្រីករ orchestra ឲ្យមកចូលរួមការ ប្រគំតន្ត្រីក្នុងទីក្រុងសេអ៊ូល និងទីក្រុង Gangneungស្ថិតនៅចម្ងាយ ២៤០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងសេអ៊ូល៕


ចែករំលែក៖