ព័ត៌មានទាន់ហេតុការណ៍៖

ឃើញម្ដាយនាំប្រុសកំណាន់ឡើងដេកដល់លើផ្ទះ យកសាំងចាក់ដុតទាំងពីរនាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនភ្លាមៗ ខណៈដែលបានខឹងម្ដាយបង្កើតលាក់លួចមានស្នេហាជាមួយបុរសចំណាស់ម្នាក់ ទើបទិញសាំងមកចាក់ដុតទាំង២នាក់ បណ្ដាលឲ្យរលាករលួយរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៨យប់ ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា បុរសបង្កត្រូវជាកូនមានឈ្មោះតូច សាវឿន ហៅទិត្យ អអាយុ២៥ឆ្នាំ មុខរបតកសិករ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀង។

ចំណែកស្ត្រីជាម្ដាយដែលរងរបួស ឈ្មោះពេជ្រ សាន់ អាយុ៥៣ឆ្នាំ មុខរបរកសិករ និងប្រុសកំណាន់ដែលរងរបួសធ្ងន់មានឈ្មោះ ពេជ្រ ឆុន អាយុ៦៧ឆ្នាំ មុខរបរកសិករ មានប្រពន្ធ កូន និងមិនទាន់លែងលះនៅឡើយ។

បើតាមបុរសបង្កត្រូវជាកូនបានសារភាពប្រាប់សមត្ថកិច្ចថា គេបានហាមឃាត់ម្តាយជាច្រើនលើកច្រើនសារមកហើយ កុំឲ្យទាក់ទងប្ដីគេទៀត ប៉ុន្តែនៅមិនព្រមស្តាប់ ហើយព្រមទាំងនិយាយស្ដីបន្ទោសដល់រូបគេជាកូនថា ឯងកុំចេះដឹងរឿងចាស់ៗពេក នៅឲ្យស្ងៀមទៅ។

ប្រភពបន្តថា លុះនៅយប់កើតហេតុ គេក៏បានទិញសាំងកន្លះលីត្រទៅផ្ទះ បន្ទាប់ពីឃើញម្ដាយនាំប្រុសកំណាន់ឡើងមកដេកដល់លើផ្ទះ ទើបគេយកសាំងមកចាក់ពីលើរួចដុតតែម្ដងទៅ ។

ក្រោយកើតហេតុ អ្នកភូមិបានជួយស្រែកគ្នីគ្នាជួយពន្លត់ភ្លើង និងជួយសង្គ្រោះដឹកទាំង២នាក់មកកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ប៉ុន្តែដោយបុរសជាប្រុសកំណាន់រងរបួសធ្ងន់ ក៏បញ្ជូនបន្តទៅរាជធានីភ្នំពេញ។

ជនរងគ្រោះរលាកពេញខ្លួន រងរបួសធ្ងន់ទាំងពីរ ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ។

ចំណែកជនបង្កត្រូវជាកូនត្រូវបានសមត្ថកិច្ចនគរបាលបានឃាត់ខ្លួន និងបញ្ជូនកសាងសំណុំរឿងមកអធិការនគរបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ យឹម សុថាន


ចែករំលែក៖