ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត រយៈពេល៤ថ្ងៃដំណើរការទៅមានភាពរលូនស្ងប់ស្ងាត់ គ្មានអំពើហិង្សា

ចែករំលែក៖

ខេត្តបាត់ដំបង- ខេត្តបន្ទាយមានជ័យ៖ ខេត្ត២ នៅទិសពាយព្យនៃប្រទេសកម្ពុជាជាប់ព្រំដែនកម្ពុជា-ថៃ គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ ចាប់ផ្តើមនៅថ្ងៃដំបូងកាលពីថ្ងៃទី២០ ខែឧសភា រហូតដលថ្ងៃទី២៣ ខែឧសភា ឆ្នា២០១៧ មានរយៈពេល៤ថ្ងៃមកនេះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោត នៃខេត្តទាំង២ប្រាប់ឲ្យដឹងថា ដំណើរការទៅបានរលូន មានសភាពស្ងប់ស្ងាត់ បរិយាកាសល្អ និងគ្មានអំពើហិង្សាកើតឡើងអ្វីនោះឡើយ ចំណែកសន្តិសុខវិញ រក្សាបានសណ្តាប់ធ្នាប់សុវត្ថិភាពល្អ ។

ការប្រព្រឹត្តទៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដំណើរការបានរលូនបែបនេះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោត នៃខេត្តទាំង២ប្រាប់ដឹងថា ដោយសារតែគណបក្សនយោបាយទាំងអស់ បានគោរពគោលការណ៍ច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការឆ្នោត និងធ្លាប់ឆ្លងកាត់បោះឆ្នោតជាច្រើនអណត្តិមកហើយ ធ្វើឲ្យគណបក្សនយោបាយនីមួយៗមានការយល់ដឹង និងមានភាពចាស់ទុំផ្នែកនយោបាយ ។

យុទ្ធនាការឃោសនាមានរយៈពេល៤ថ្ងៃនេះដែរ រវាងគណបក្សនយោបាយទាំងអស់មានបញ្ហាខ្លះនោះដែរ ពាក់ព័ន្ធនឹងការដង្ហែឆ្លងចូលទឹកដីឃុំ សង្កាត់ផ្សេង និងមានការរំខានប៉ះពាល់ខ្លះពីការចាក់មេក្រូ ផ្សព្វផ្សាយគោលនយោបាយគណបក្សនៅតាមមូលដ្ឋាន ប៉ុន្តែត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោត នៅថ្នាក់ ឃុំ សង្កាត់ សម្របសម្រួលដោះស្រាយ គ្មានការប្តឹងផ្តល់គ្នាអ្វីនោះឡើយ។ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ នេះដែរ គណបក្សនយោបាយទាំងអស់មិនមានសកម្មភាពឃោសនា ដង្ហែ ជាទ្រង់ទ្រាយធំនោះឡើយ។

គណបក្សនីមួយៗបានផ្សព្វផ្សាយចែកខិត្តប័ណ្ណគោលនយោបាយបក្សរបស់ខ្លួនទៅតាមខ្នងផ្ទះ សមាជិករបស់ខ្លួន និងជួបប្រជុំសមាជិកគណបក្សនៅតាមស្នាក់ការរបស់ខ្លួនរៀងៗខ្លួនផងដែរ ក្នុងនោះ ក៏មានសកម្មភាពមការចាក់មីក្រូផ្សព្វផ្សាយគោលនយោបាយតាមរថយន្តចល័តមួយចំនួនប៉ុណ្ណោះ ។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង លោក វន ពន បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ថា ខេត្តបាត់ដំបងមានគណបក្សនយោបាយ៩គណបក្ស ដែលបានចុះឈ្មោះជាផ្លូវការចូលរួមមកប្រកួតប្រជែងយកអាសនៈ ក្រុមប្រឹក្សាឃុំ សង្កាត់ គឺរួមមាន ១, គណបក្សប្រជាជនកម្ពុជា ២, គណបក្សសង្រ្គោះជាតិ ៣, គណបក្សហ៊ុនស៊ិនប៉ិច ៤, គណបក្សរួមរួមជាតិ ៥, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៦, គណបក្សសាធារណរដ្ឋប្រជាធិបយ្យ ៧, គណបក្សអំណាចខ្មែរ ៨, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និង៩, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។

លោកប្រាប់ឲ្យដឹងទៀតថា ខេត្តបាត់ដំបងមាន១៤ស្រុក ក្រុង និងមាន ១០៣ ឃុំ សង្កាត់ ប្រជាជនមានសិទ្ធិចូលរួមបោះឆ្នោតសរុប៥២ម៉ឺន៧ពាន់៥រយ២៨នាក់ និងមានការិយាល័យបោះឆ្នោតសរុប១៥៦៦ការិយាល័យ ។

ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ លោក ហី គឹមសេង ប្រាប់ឲ្យដឹងដែរថា ខេត្តបន្ទាយមានជ័យមានគណបក្សនយោបាយ៧គណបក្ស ដែលបានចុះឈ្មោះជាផ្លូវការចូលរួមមកប្រកួតប្រជែងយកអាសនៈ ក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ ដែលមាន៩ស្រុកក្រុង និង៦៥ឃុំសង្កាត់ គណបក្សនយោបាយទាំង៧នោះ រួមមាន ១, គណបក្សប្រជាជនកម្ពុជា ២, គណបក្សសង្រ្គោះជាតិ ៣, គណបក្សហ្វ៊ុនស៊ិនប៉ិច ៤, គណបក្សខ្មែររូបរួមជាតិ ៥, គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ៦, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង៧, គណបក្សអំណាចខ្មែរ ។

ប្រជាជននៅខេត្តបន្ទាយមានជ័យដែលបានចុះឈ្មោះបោះឆោ្នត និងមានសិទ្ធិទៅបោះឆ្នោតមានសរុប៣២ម៉ឺន ៣ពាន់ ៩រយ ៥៦នាក់ ដែលមានការិយាល័យបោះឆ្នោត សរុប១០១៩ការិយាល័យ ៕ សំ វិច្ឆិកា

 


ចែករំលែក៖