ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តបន្ទាយមានជ័យរយៈពេល១ឆ្នាំ២០១៦មនុស្សស្លាប់ និងរងរបួសដោយគ្រាប់មីនសរុប១១នាក់ ខណៈដែលទើបនៅដើមឆ្នាំ២០១៧ មានករណីផ្ទុះមីន២លើកបន្ថែមទៀត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យដែលជាអតីតតំបន់សមរភូមិសង្រ្គាមក្តៅបំផុត គ្រាន់តែក្នុងរយៈពេល១ឆ្នាំ២០១៦ កន្លងទៅនេះ ត្រូវបានកងឯកភាពកំចាត់មីនទី១ (ស៊ីម៉ាក) ប្រចាំខេត្តបន្ទាយមានជ័យ បង្ហាញរបាយការណ៍នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ឱ្យដឹងថា មានប្រជាពលរដ្ឋរងគ្រោះថ្នាក់ស្លាប់និងរងរបួសដោយសារគ្រាប់មីនបន្សល់ទុកចាប់តាំងពីសម័យសង្រ្គាម សរុបចំនួន១១នាក់ ក្នុងនោះស្លាប់៤នាក់ រងរបួស៧នាក់ ក្នុងហេតុការណ៍កើតឡើងចំនួន១៣ករណី។ គ្រោះថ្នាក់ដោយមីនតោនប្រឆាំងរថក្រោះ២លើក និងគ្រាប់មីនប្រឆាំងមនុស្ស១១លើក។

បញ្ហាគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកប់ក្នុងដីស្ថិតក្នុងតំបន់សេសសល់មិនទាន់បោសសំអាតមីន នៅក្នុងដែនដីខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថា ប្រជាពលរដ្ឋកំពុងតែប្រឈមគ្រោះថ្នាក់និងគំរាមកំហែងដល់អាយុជីវិតនៅឡើយនោះ។គ្រាន់តែនៅដើមឆ្នាំ២០១៧ ប៉ុណ្ណោះ ខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញទៀតថាបានកើតឡើងករណីផ្ទុះមីនប្រឆាំងនិងមនុស្សនិងប្រឆាំងរថក្រោះចំនួន២លើកបន្ថែមទៀត, លើកទី១កើតឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចតំបន់ចំការមីនជាប់ព្រំដែនកម្ពុជា-ថៃស្ថិតក្នុងភូមិព្រៃគុប សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបណ្តាលឱ្យបុរសម្នាក់ដែលដើទៅរកទាក់សត្វលលករងការផ្ទុះមីនប្រឆាំងមនុស្សដាច់ជើងឆ្វេងម្ខាង។ លើកទី២ កើតឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅតំបន់ព្រំដែនផងដែរស្ថិតក្នុងភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ផ្ទុះមីនប្រឆាំងរថក្រោះទៅលើអាប៊ុលឈូសឆាយដី១គ្រឿងកំពុងធ្វើផ្លូវជាតិបណ្តាលឱ្យដាច់ច្រវ៉ាក់ម្ខាង ប៉ុន្តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

បើយោងតាមរបាយការណ៍របស់កងឯកភាពកំចាត់មីនទី១(ស៊ីម៉ាក) ប្រចាំខេត្តបន្ទាយមានជ័យ បានបង្ហាញឱ្យដឹងទៀតថា នៅឆ្នាំ២០១៦ អង្គភាពកំចាត់មីនបានបោសសំអាតទៅលើចំការមីនបានរួចរាល់ជាស្ថាពរចំនួន៣៦ចំការមីន, លើផ្ទៃដីសរុប៣៨៥ហិកតា និងបានប្រគល់ដីជូនប្រជាពលរដ្ឋអាស្រ័យផលចំនួន១៥៦គ្រួសារ។ក្នុងនោះបានបោសសំអាតនិងរកឃើញគ្រាប់មីនប្រឆាំងមនុស្ស៤៨៤គ្រាប់,គ្រាប់មីនប្រឆាំងមនុស្ស៦គ្រាប់,គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះហៅថាកាកសំណល់សង្រ្គាម ១៩២០គ្រាប់ និងគ្រាប់កាំភ្លើងដៃ៦១គីឡូក្រាម។

លោក ស៊ុំ វិរៈ ប្រធានកងឯកភាពកំចាត់មីនទី១(ស៊ីម៉ាក)ប្រចាំខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា វិធានការបង្ការទប់ស្កាត់បញ្ហាគ្រាប់មីន ទន្ទឹមដែលអង្គភាពកំចាត់មីនបំពេញកិច្ចការងារស្នូលក្នុងការបោសសំអាតមីនរំដោះដីចំការមីនប្រគល់ឱ្យប្រជាពលរដ្ឋប្រើប្រាស់។ អង្គភាពកំចាត់មីនក៏បានតែងតែធ្វើសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រឈមងាយគ្រោះថ្នាក់ដោយគ្រាប់មីន ឱ្យបានយល់ដឹងពីផលប៉ះពាល់និងបញ្ហាគ្រោះថ្នាក់ដោយគ្រាប់មីន ជាពិសេសណែនាំឱ្យគាត់កុំដើរចូលផ្តេសផ្តាស នៅតំបន់ចំការមីនហាមឃាត់ ដែលមានដាក់ស្លាកសញ្ញាក្បាលខ្មោចជាដើមនោះនិងចំណុចប្រឈមមួយទៀតដោយសារប្រជាពលរដ្ឋមួយចំនួនមិនបានយល់ដឹងហើយបាននាំគ្នាដើរចូលក្នុងតំបន់ចំការមីន ទៅកាប់ព្រៃ រកវល្លិ៍ បរបាញ់សត្វ និងបញ្ហាប្រឈមចំពោះប្រជាពលរដ្ឋដែលបានរុករានដីព្រៃធ្វើចំការអាស្រ័យផលលើផ្ទៃដែលសង្ស័យមានគ្រាប់មីន មុននិងសកម្មភាពបោសសំអាតមីន ត្រូវបានអនុវត្តនោះ៕ សំ វិច្ឆិកា
IMG_1995 IMG_0873 IMG_0874 IMG_0875 IMG_0878 IMG_1993 IMG_1994


ចែករំលែក៖