ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តព្រៃវែង ៖ ស្រែចម្ការជាង១ម៉ឺនហិកតាត្រូវលិចលង់និងប្រជាពលរដ្ឋ៧៤គ្រួសារត្រូវ ជម្លៀសទៅរកទីទួលសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រៃវែង ៖ គិតមកដល់ត្រឹមថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៨ទឹកជំនន់បានជន់លិចខេត្តព្រៃវែងចំនួន១១ក្រុង-ស្រុក។ នេះបើតាមរបាយ ការណ៍របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រៃវែងដែលតាមដានពីស្ថានភាពទឹកជំនន់នៅទូទាំងខេត្ត ។

របាយការណ៍ខាងលើបានឲ្យដឹងថា ស្រុក-ក្រុងដែលរងផលប៉ះពាល់ដោយទឹកជំនន់ទាំង១១ខាងលើស្មើនឹង៥៦ឃុំ និង ២៥២ភូមិ ក្នុងនោះមាន ស្រុកពាមរក៍, ស្រុកព្រះស្តេច, ស្រុកស៊ីធរកណ្តាល, ស្រុក កំចាយមារ, ស្រុកពារាំង, ស្រុកពោធិ៍រៀង, ស្រុកកំពង់ត្របែក, ក្រុងព្រៃវែង, ស្រុកបាភ្នំ, ស្រុកស្វាយអន្ទរ និងស្រុកពាមជរ ។

សូមបញ្ជាក់ថា ទឹកជំនន់បានបង្កផល ប៉ះពាល់ជាច្រើនដោយលិចចូលក្រោមផ្ទះប្រជាពលរដ្ឋចំនួន៣.៨៨០ខ្នង លិចចូលដីស្រែប្រជាពលរដ្ឋទំហំ១៤.១០៧ហិកតា ធ្វើ ឲ្យស្រូវរលួយខូចអស់ទំហំ១.៩៤៤ហិកតា និងប៉ះពាល់ដំណាំផ្សេងៗចំនួនជាង៧៣ ហិកតា។ ចំណែកសត្វគោក្របីរបស់អ្នក ស្រុកត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាពចំនួន១.២២៧ក្បាល និងប្រជាពលរដ្ឋ ចំនួន៧៤គ្រួសារនៅស្រុកស៊ីធរកណ្តាល និងស្រុកពាមជរដែលត្រូវទឹកជន់លិចធ្ងន់ធ្ងរក៏ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផងដែរ ។

ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ ទឹក ជំនន់បានបង្កផលប៉ះពាល់ផ្លូវថ្នល់សរុប ប្រវែង១៨៤.៨៨៨ម៉ែត្រ មណ្ឌលសុខភាព ២កន្លែង វត្តអារាម១កន្លែង សាលារៀន ៣២កន្លែង បង្គន់អនាម័យចំនួន៧២៣ បង្គន់ និងអណ្តូងទឹកចំនួន២៧៨អណ្តូង។

ឆ្លើយតបចំពោះបញ្ហាគ្រោះទឹកជំនន់នេះដែរអាជ្ញាធរខេត្ត និងស្រុកក្រុងទាំងអស់ រួមជាមួយនឹងសាខាកាកបាទក្រហមខេត្តនិងអនុសាខាស្រុកនិមួយៗបានចុះតាម ដានជាប្រចាំ និងបាននាំយកអំណោយ មនុស្សធម៌ជាជំនួយសង្គ្រោះបន្ទាន់ទៅចែកជូនដល់បងប្អូនជនរងគ្រោះនៅតាមបណ្តាស្រុកនីមួយៗជាបន្តបន្ទាប់ផងដែរ ៕ ហេង សូរិយា

 

 


ចែករំលែក៖