ព័ត៌មានទាន់ហេតុការណ៍៖

ខេម ត្រៀមដើរចេញពីផលិតកម្មថោន ក្រោយធ្លាយរឿង អន់ចិត្ត

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោន លោក ខេម ត្រូវបានគេទម្លាយថា ត្រៀមវេចបង្វិចដើរចេញពីផលិតកម្មថោន ។ ដំណឹងដើរចេញនេះ ស្របពេលដែលមានការទម្លាយថាតារាចម្រៀងរូបនេះ អាក់អន់ស្រពន់ចិត្តនឹងផលិតកម្មថោនរឿងមិនចយកចិត្តទុកដាក់ចំពោះរូបលោក ។

ប្រភពពីអ្នកផលិតកម្មវិធីទូរទស្សន៍ម្នាក់ បានលើកឡើងថា តារាចម្រៀងខេម ដែលឈរជើងមិនតិចជាង១០ឆ្នាំនៅផលិតកម្មថោននោះគ្រោងចាកចេញពីផលិតកម្មមួយនេះហើយ ។ ចាកចេញព្រោះតែតារាចម្រៀងរូបនេះមិនសប្បាយចិត្តនឹងការមិនយកចិត្តទុកដាក់លើការផលិតបទចម្រៀងរបស់លោកដើម្បីបំពេញចិត្តអ្នកគាំទ្រ ។

ទន្ទឹមនឹងការទម្លាយនេះ ក៏ស្របពេលដែលតារាចម្រៀងរូបនេះបង្ហោះសារខ្លីមួយ នៅលើគេហទំព័រហ្វេសប៊ុក ផ្ទាល់របស់លោកដែលលោកបានរៀបរាប់ថា ពេលខ្ញុំនៅអ្នកមិនថែរក្សាតែបើខ្ញុំសំរេចថាចាកចេញហើយមិនបាច់បញ្ជូនអ្នកណាមកនិយាយនិងខ្ញុំទេ ។ បាយមួយគ្រាប់ខ្ញុំញាំមួយជីវិតតែបើបាយមួយចានអោយខ្ញុំហើយមើលងាយខ្ញុំវិញបាយមួយគ្រាប់ក៏អាចធ្វើអោយខ្ញុំឆ្អែតដែរអស់ចិត្តដល់ម៉ោងហើយ ។

បើទោះបីជាតារាចម្រៀងរូបនេះ មិនបានបញ្ជាក់ច្បាស់អំពីការសំដៅទៅលើផលិតកម្ម ប៉ុន្តែប្រភពដដែលខាងលើអះអាងថា គឺខេម ឆ្អែតចិត្តនឹងផលិតកម្មដែលមិនបានសម្រួលនិងបញ្ចេញបទចម្រៀងមួយចំនួន ពិសេសមិនចង់បញ្ចេញការសម្តែងក្នុងបទចម្រៀងថ្មីរបស់លោកជាដើម ។ ទោះជាយ៉ាងណាមិនទាន់មានការអះអាងទេថា តើតារាចម្រៀងរូបនេះនឹងចូលជ្រកក្រោមផលិតកម្មណាមួយថ្មីនៅឡើយ ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីផលិតកម្មថោន និងតារាចម្រៀងខេម បាននៅឡើយ ។ ប៉ុន្តែប្រភពខាងលើបញ្ជាក់ដែរថា ដំណឹងនៃគម្រោងចុះចោលផលិតកម្មថោនដែលផុតកិច្ចសន្យាជាង៦ឆ្នាំមកហើយនោះបានលេចលឺដល់ផលិតកម្មធំៗមួយចំនួនដែលចង់បានតារាចម្រៀងរូបនេះដូចជាផលិតកម្មហង្សមាសនិងផលិតកម្មសាន់ដេជាដើម ។

ទោះជាយ៉ាងណាប្រសិនបើតារាចម្រៀងរូបនេះ សម្រេចចិត្តចាកចេញពីផលិតកម្មថោនមែន ផលិតកម្មមួយនេះនឹងបាត់បង់តារាចម្រៀងល្បីឈ្មោះដែលប្រៀបបាននឹងគ្រាប់ពេជ្រមួយគ្រាប់មិនខុសពីផលិតកម្មសាន់ដេបានបាត់បង់តារាចម្រៀងខេមរៈ សិរីមន្តនោះទេ ហើយប្រសិនបើខេម សម្រេចចិត្តចូលផលិតកម្មហង្សមាសមែននោះក៏នឹងក្លាយជាសង្វៀនប្រកួតប្រជែងដ៏ធំមួយក្នុងផលិតកម្មហង្សមាសដែលប្រមូលផ្តុំដោយជើងខ្លាំងជាច្រើន ៕ វឌ្ឍនា


ចែករំលែក៖