ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូថៅកែហាងលក់ស៊ុបយីហោ ស្រីអូន ថាទៅទិញថ្នាំពេទ្យ ពេលបានជិះគេចខ្លួនបាត់ ជិតមួយខែទើបឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាបុគ្គលិករត់តុ នៅក្នុងហាងលក់ស៊ុប យីហោ ស្រីអូន ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនបន្ទាប់ពីយោងតាមបណ្ដឹងជនរងគ្រោះជាថៅកែហាង បានឲ្យជនសង្ស័យខ្ចីម៉ូតូ រួចជិះគេចខ្លួនទៅបាត់រហូត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨វេលាម៉ោង៥និង៣០នាទីល្ងាច នៅចំណុចមុខហាងលក់ស៊ុបយីហោ ស្រីអូន ផ្លូវលេខ៤៧ ភូមិទី១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុច ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះធី ចាន់ក្រេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបររត់តុ ហាងស៊ុប មានទីលំនៅផ្ទះភូមិឆ្នង់ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ រំលោភលើទំនុកចិត(យកម៉ូតូ) កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៨វេលាម៉ោង៥និង៣០នាទីល្ងាច នៅចំណុចមុខហាងលក់ស៊ុបយីហោ ស្រីអូន ផ្លូវលេខ៤៧ភូមិទី១០សង្កាត់ស្រះចកខណ្ទដូនពេញរាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកម៉ូតូមួយគ្រឿងម៉ាកC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BA6884 ត្រូវបានប្រគល់ឲ្យម្ចាស់វិញ ។ចំណែកជនរងគ្រោះឈ្មោះសៀក ប៊ុននី ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរលក់ស៊ុបយីហោស្រីអូន មានទីលំនៅផ្ទះលេខ២៤៣២ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយធ្វើការឃាត់ខ្លួន និងធ្វើតេសទឹកនោមឃើញថា ជនសង្ស័យមិនធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ ហើយបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖