ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូមិត្តភក្តិជិះមួយភ្លែតទៅបាត់៨ថ្ងៃ ចុងក្រោយម្ចាស់ម៉ូតូចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ធ្វើការឃាត់ខ្លួន ខណៈដែលជនរងគ្រោះ ដែលត្រូវជាមិត្តភក្តិនិងជនសង្ស័យបានចាប់យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពីរូបគេ បានធ្វើសកម្មភាព​ឆបោកម៉ូតូជនរងគ្រោះទៅបញ្ជាំចំនួន២០០ដុល្លារអាមេរិក ដើម្បីទិញថ្នាំញៀនជក់ហើយគេចខ្លួនបាត់អស់ចំនួន០៨ថ្ងៃ ។​

ករណីឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងកាលពីម៉ោង៩និង៥០នាទីព្រឹក​ ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្រោមស្ពានអាកាស៥មករាផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

ជនសង្ស័យឈ្មោះ នន់ ផល្លីន អាយុ២៩ឆ្នាំ​ មុខរបរជាងបៀកថ្នាំ ផ្ទះស្នាក់នៅបន្ទប់ជួលក្រោយសាលាតិចណូ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក​ និងមានស្រុកកំណើតភូមិកញ្ច្រប់ ឃុំនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកឯជនរងគ្រោះឈ្មោះ ឡូច ស៊ីថា អាយុ២១ឆ្នាំមុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវលំភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យោងតាមប្រភពពីជនរងគ្រោះឈ្មោះ ឡូច ស៊ីថា អាយុ២១ឆ្នាំ បានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រហែល៨យប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ រូបគេបានទៅដើរលេងជាមួយមិត្តភកិ្តផ្សេងទៀត ដោយបានទុកម៉ូតូរបស់ខ្លួនម៉ាកហុងដា ឌ្រឹមសង់ សេ១២៥ ពណ៌ខ្មៅ សេរី២០០៨ពាក់ស្លាកលេខកំពង់ស្ពឺ1B-6901 នៅមុខបន្ទប់ជួល ខណះត្រឡប់មកពីដើរលេងវិញ​មកដល់បន្ទប់ជួលរបស់ខ្លួន ស្រាប់តែបាត់ម៉ូតូ ពេលនោះរូបគេបានសួរទៅ ឈ្មោះកៀន ប៊ុនហឿន ដែលជួលបន្ទប់​ស្នាក់នៅជាមួយគ្នា ដោយប្រាប់ថាឈ្មោះ នន់ ផល្លីន ដែលជាអ្នកស្គាល់គ្នាខ្ចីជិះបន្តិច ស្រាប់តែទៅបាត់រហូតតែម្តង ។

ជនរងគ្រោះ បានបន្តទៀតថា បន្ទាប់ពីចាំបាត់ៗមិនឃើញជនសង្ស័យ​យកម៉ូតូមក​ឲ្យវិញ​ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ រូបគេសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តែម្តង ។ លុះដល់ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានទំនាក់ទំនងជាមួយ ជនសង្ស័យឈ្មោះ នន់ ផល្លីន បានតាមរយៈទូរស័ព្ទដោយនិយាយល្បួងលោមណាត់ឲ្យ មកជួបនៅចំណុចក្រោមស្ពានអាកាស៥មករា បណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ស្រាប់តែពេលនោះ​ជន​សង្ស័យមកដល់ ក៏ឃាត់ខ្លួនតែម្តង រួចយកមកប្រគល់ឲ្យសមត្ថកិច្ចដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានឆកបោកម៉ូតូជនរងគ្រោះពិតប្រាកដមែនដោយខ្លួបានយកម៉ូតូខាងលើយកទៅបញ្ចាំនៅម្តុំឃ្លាំរំសេវបានលុយចំនួន២០០ដុល្លាដើរស៊ីចាយអស់ហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានធ្វើតេសទឹកនោមឃើញថា ជនសង្ស័យក្នុង​ទឹក​នោមមានផ្ទុកនូវសារធាតុញៀនផងដែរ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ៕ តុង សីហា


ចែករំលែក៖