ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្ដាក់រលំផ្ទះ របើកដំបូលនិងរបួសមនុស្ស នៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ ខ្យល់កន្ត្រាក់បណ្ដាលឲ្យរបើកដំបូលក្បឿងសាលាវិទ្យាល័យទ្រៀល ចំនួន៥៥០សន្លឹក រលំផ្ទះ របើកដំបូល និងរបួសមនុស្ស៣នាក់ កាលពីម៉ោង២និង៣០នាទីរសៀល ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច ភូមិថ្មី ឃុំទ្រៀល ស្រុកបារាយណ៌ ខេត្តកំពង់ធំ។

ប្រភពព័ត៌មានសមត្ថកិច្ចបានឲ្យដឹងថា ខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំផ្ទះទាំងស្រុងចំនួន០២ខ្នង របើកដំបូលទាំងស្រុងចំនួន០២ខ្នង ផ្ទះរបើកដំបូលបន្តិចបន្តួចចំនួន០៧ខ្នង របួសសិស្សចំនួន០២នាក់ និងរបួសប្រជាពលរដ្ឋចំនួន០១នាក់ នៅក្នុងឃុំទ្រៀល ជនរងគ្រោះបញ្ជូនទៅពេទ្យបង្អែកបារាយណ៍សន្ឋុក។

នៅវេលាម៉ោង០២និង៣៥នាទីថ្ងៃដដែល មានករណីខ្យល់កន្ត្រាក់នៅចំណុច ភូមិទួលអំពិលនិងភូមិគគរ ឃុំស្រឡៅ ស្រុកបារាយណ៌ បណ្ដាលរបើកដំបូលទាំងស្រុងចំនួន០២ខ្នងផ្ទះ-របើកដំបូលបន្តិចបន្តួចចំនួន០១ខ្នងផ្ទះតែមិនបណ្ដាលឲ្យរបួសមនុស្សទេ ៕ ប៊ុនរិទ្ធី


ចែករំលែក៖