ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់​បក់​រលំ​ផ្លាក​ពុះ​ដី​ឡូត៍​លក់​ ធ្លាក់​ត្រូវ​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ ព្រឹក​ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ម្តុំ​ចំណោត​ អូរត្រាវ​ក្រុម​ទី​១៧​ ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​/ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់មួយកើតឡើង​ បុរស​ម្នាក់​ជិះ​ម៉ូតូ ១គ្រឿង​ម៉ាក​ HONDA C125 ពណ៌ ខ្មៅ លេខ​ព្រះសីហនុ​1-8387 គាត់​ឈ្មោះ​ មិញ​ បូរ៉េត​ ភេទ​ ប្រុស​ អាយុ​ ៥៦ឆ្នាំ​ មុខរបរ​កម្មករ​ រោងចក្រ​ស្រាបៀរ​អង្គរ​ មានទីលំនៅ​ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានទិសដៅ​ចេញ​ពី​រោងចក្រ​ស្រាបៀរ​អង្គរ​ ឆ្ពោះ​ទៅ​ផ្ទះ​ នៅ​ភូមិ​ពូធឿង​ លុះដល់ចំណុចខាងលើ​ បាន​បុក​ប៉ះ​នឹង​ផ្លាក​ពុះ​ដី​លក់​ ដែល​រលំ​បាក់​ធ្លាក់​មក​លើ​ផ្លូវ​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។

ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​១​ បាន​ហៅ​រថយន្ត​សង្គ្រោះ​បញ្ជូន​អ្នក​រងគ្រោះ​ទៅ​សង្គ្រោះ​ នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​ ក្រោយ​មក​ស្ថានភាព​អ្នក​របួស​ធ្ងន់ធ្ងរ​ពេក​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ក្រោយ​មក​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​វេលាម៉ោង​ ១២:៣០នាទី​៕ ឆ្លាម សមុទ្រ


ចែករំលែក៖