ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ក្រោមអំណាចលោក កែវ សំអុល បទល្មើសព្រៃឈើខេត្តកំពង់ស្ពឺកើនឡើង

ចែករំលែក៖

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានឲ្យដឹងថាលោក កែវ សំអុល មន្ត្រីអធិការដ្ឋានរដ្ឋ បាលព្រៃឈើខាងត្បូងបឹងទន្លេសាបមិនបំពេញតួនាទីរបស់ខ្លួនក្នុងការទប់ស្កាត់បទល្មើសកាប់ឈើក៏ដូចជាបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នោះទេ។ ផ្ទុយ ទៅវិញលោក កែវ សំអុល ព្រមទាំងបក្ខពួកកំពុងបង្កើតកុងត្រូលជជុះនៅក្នុងស្រុក ឱរ៉ាល់ ស្រុកថ្ពង ស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺដើម្បីជំរិតយកលុយតាមរបៀបពុករលួយពីឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងសុខស្រួល។ បញ្ហានេះជា រឿងដែលលោក អ៊ុង សំអាត ប្រធានរដ្ឋបាលព្រៃឈើ មិនគួរបណ្ដែតបណ្ដោយតទៅ ទៀតទេ ហើយត្រូវចាត់វិធានការតាមច្បាប់ទៅលើលោក កែវ សំអុល ដែលកំពុងប្រើ អំណាចនិងតួនាទីប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទម ។

ឈ្មួញឈើមួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក កែវ សំអុល ដែលអម ដោយមន្ត្រីយោធា២នាក់ទៀតតែងធ្វើសកម្មភាពពួនស្ទាក់ក្រុមឈ្មួញដែលដឹកឈើ តាមរថយន្តតាមគោយន្តដោយតម្រូវឲ្យបង់លុយក្នុងមួយរថយន្តចាប់ពី២០០ដុល្លារទៅ៥០០ដុល្លារតាមរថយន្តតូចឬធំ។ ចំណែកអ្នកដឹកឈើតាមគោយន្តកន្ត្រៃឬគោ យន្តកែច្នៃត្រូវបង់លុយក្នុងមួយគោយន្តពី១០ម៉ឺនរៀលទៅ២០ម៉ឺនរៀល។ តាមរយៈ សកម្មភាពបែបនេះក្នុងមួយខែៗលោក កែវ សំអុល និងបក្ខពួកប្រមូលលុយបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបានដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ព្រោះនាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺចាំតែទទួលផលប្រយោជន៍ប៉ុណ្ណោះ។ ហេតុនេះហើយទើបឈ្មួញធំៗនៅតែអាចដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់ស្រុកឱរ៉ាល់ ស្រុកថ្ពង ស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺចេញទៅ ប្រទេសវៀតណាមដោយគ្មានញញើតអ្វីទាំងអស់ ។

សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានលើកឡើងថា មួយរយៈពេលចុងក្រោយនេះឈ្មួញជាច្រើននាក់ក្នុងនោះមានឈ្មួញឈ្មោះ ស៊ី ស និងឈ្មួញឈ្មោះ ស្នា នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ស្រុកឱរ៉ាល់ ស្រុកថ្ពង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺចេញទៅ ប្រទេសវៀតណាមយ៉ាងពេញបន្ទុក ហើយលោក កែវ សំអុល មិនចាត់វិធានការបង្ក្រាប បទល្មើសនោះទេ។ ដូច្នេះលោក អ៊ុង សំអាត ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម គួរពិនិត្យឡើងវិញ ព្រោះប្រភពពីអាជ្ញាធរស្រុកឱរ៉ាល់ ស្រុកថ្ពង ស្រុកសំរោងទង និង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានរាយការណ៍ថាលោក កែវ សំអុល និងបក្ខពួកកំពុង សប្បាយប្រមូលលុយពីបទល្មើសព្រៃឈើ ហើយបណ្ដោយឲ្យឈ្មួញដឹកជញ្ជូនឈើ ខុសច្បាប់តាមអំពើចិត្ត។ ជាងនេះទៅទៀតសកម្មភាពរបស់លោក កែវ សំអុល និង បក្ខពួកជាអំពើពុករលួយយ៉ាងច្បាស់ក្រឡែត ហើយជាមូលហេតុដែលធ្វើឲ្យបទល្មើសព្រៃឈើក្នុងខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់កើតឡើងយ៉ាងរាលដាលខ្លាំងជាងមុនទៅទៀត ៕

 


ចែករំលែក៖