ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ចាន់ សុធា ស៊ីដាច់មេប៉ូលិសសេដ្ឋកិច្ច

ចែករំលែក៖

បទបញ្ជារបស់សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ឈប់ឲ្យមានកុងត្រូលជជុះគឺជាឱកាសដែលផ្តល់ឲ្យមន្ត្រីនគរបាលសេដ្ឋកិច្ចដេកស៊ីដោយស្របច្បាប់។ ពួកឈ្មួញរកស៊ីដឹកទំនិញគេចពន្ធក្តី ឬបង់ពន្ធមិនគ្រប់ក្តីសុទ្ធតែត្រូវសុំការអនុញ្ញាតពីក្រុមសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច។ នៅខេត្តបាត់ដំបង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានផ្តល់សិទ្ធិឲ្យលោកចាន់ សុធាជាអ្នករៀបចំបង្ក្រាបបទល្មើស ឬនិយាយឲ្យខ្លីជាអ្នកដែលត្រូវរកប្រាក់ឲ្យថ្នាក់លើ។ ប៉ុន្តែក្រោយបទបញ្ជានេះ ថ្នាក់លើលែងទារប្រាក់ពីលោកចាន់ សុធាទៀតហើយ ព្រោះសំអាងថា មិនបានដាក់កុងត្រូលចាំទារលុយពីពួកឈ្មួញទៀតទេ។

នៅគ្រាដែលថ្នាក់លើឈប់យកលុយពីលោកចាន់ សុធា ប៉ុន្តែពួកឈ្មួញនៅតែបង់ប្រាក់ជូនលោកចាន់ សុធាដដែល។ ការទាក់ទងតាមទូរស័ព្ទអំពីការនាំទំនិញចេញចូល ក៏ដូចជាចរាចរណ៍ឈើជាដើមសុទ្ធតែត្រូវបង់ប្រាក់ឲ្យលោកចាន់ សុធា។ លោកចាន់ សុធានៅតែមានឱកាសដាក់កម្លាំងដើម្បីតាមឃ្លាំមើល និងយកប្រាក់ពីឈ្មួញអ្នករកស៊ីដឹកទំនិញ ក៏ដូចជាអ្នករកស៊ីដឹកជញ្ជូនឈើប្រណីតជាដើម។ បើទោះបីជាគេមិនបានដាក់កុងត្រូល ឬប៉ុស្តិ៍ត្រួតពិនិត្យជាក់លាក់ក៏ដោយ ប៉ុន្តែពួកឈ្មួញពិតជាមិនអាចគេចវេះពីការបង់ប្រាក់នោះបានឡើយ។ ពោលគឺត្រូវតែបង់ប្រាក់យ៉ាងហោចណាស់៧០ភាគរយនៃតម្លៃដែលធ្លាប់បង់ ឬតម្លៃដែលនៅពេលពួកគេដាក់ប៉ុស្តិ៍ ឬកុងត្រូលជាក់លាក់។

ករណីនេះថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចទំនងជាគិតថាមន្ត្រីដែលខ្លូនបញ្ចុះទៅតាមបណ្តាខេត្ត និងផ្លូវជាតិដើម្បីឲ្យរកប្រាក់បង់ជូនថ្នាក់លើទំនងជាដកអស់ហើយ។ ផ្ទុយទៅវិញប៉ុស្តិ៍មួយចំនួននៅតែមានកម្លាំងនៅលើដងផ្លូវ ហើយមួយចំនួនទៀត បើទោះបីជាមិនធ្វើសកម្មភាព ក៏នៅតែអាចយកលុយពីពួកឈ្មួញដែលរកស៊ីខុសច្បាប់នោះបានដែរ ពីព្រោះថា ប្រសិនបើឈ្មួញមិនបង់ប្រាក់ទេ ក្រុមសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចដែលប្រចាំការតាមខេត្ត និងដងផ្លូវនៅតែអាចមានសិទ្ធិចាប់ទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់នោះបានដដែល។ ដូច្នេះពួកឈ្មួញចាំបាច់ត្រូវតែទូរស័ព្ទប្រាប់សមត្ថកិច្ចដែលពួកគេធ្លាប់បង់ប្រាក់មុនៗនោះឲ្យបើកផ្លូវ ហើយពួកគេគិតគូរប្រាក់ជាក្រោយ៕


ចែករំលែក៖