ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញនាំចូលម៉ូតូគេចពន្ធតាមផ្លូវទឹកក្នុងភូមិសាស្រ្តខេត្តកោះកុងជាចំហ

ចែករំលែក៖

ប្រភពព័ត៌មានពីខេត្តកោះកុងបានឲ្យដឹងថា ករណីនាំម៉ូតូគេចពន្ធចូលមកតាមផ្លូវទឹកខេត្តកោះកុងកំពុងកក្រើកឡើងវិញហើយ ខណៈពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតចូលមកដល់។ ប្រភពដដែលបានបញ្ជាក់ថា ម៉ូតូគេចពន្ធដែលឈ្មួញនិងមន្រ្តីពុក រលួយឃុបឃិតគ្នានាំចូលក្នុងខែមីនានេះគឺទំនងជាសម្រាប់វាយលុកទីផ្សារនាចុងខែ មីនា ឬដើមខែមេសា ឆ្នាំ២០១៧ ដែលជាឱកាសបុណ្យចូលឆ្នាំខ្មែរ។

ការនាំចូលម៉ូតូគេចពន្ធក្នុងខេត្តកោះកុងនេះមិនមែនជាលើកទី១ទេ ហើយគេនៅ តែមិនឃើញមានការបង្ក្រាបពីសំណាក់មន្ត្រីគយម្តងណាឡើយលើកលែងតែមានសារព័ត៌មានចុះផ្សាយរិះគន់ខ្លាំងឡើងៗ ឬមានមន្រ្តីកម្រិតរដ្ឋាភិបាលព្រមានពីភ្នំពេញទៅទើបមន្រ្តីមូលដ្ឋាននៅខេត្តកោះកុងបង្រ្កាប ។

ក្នុងករណីខ្លះក្រោយពេលចាប់ម៉ូតូគេចពន្ធបានតែប៉ុន្មានម៉ោងប៉ុណ្ណោះក៏ស្រាប់តែមន្រ្តីជំនាញដោះលែងម៉ូតូនោះទៅវិញស្ងាត់ៗដោយមិនបានបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមនីតិវិធីឡើយ ព្រោះសង្ស័យថាមានការចរចាត្រូវគ្នារវាងមន្រ្តីជំនាញ នឹងឈ្មួញ ឬអាចមានការអន្តរាគមន៍ពីខ្នងរបស់ឈ្មួញ ។

ប្រភពខ្សឹបថា មានទូកដឹកម៉ូតូគេចពន្ធពីប្រទេសថៃចូលខេត្តកោះកុងដោយចូល ចតតាមកំពង់ផែនានាក្នុងខេត្តកោះកុងដែលកំពង់ផែទាំងនោះសុទ្ធតែមានមន្រ្តីជំនាញប្រចាំការទាំងអស់។ ប្រភពដដែលបានបញ្ជាក់ថា ម៉ូតូគេចពន្ធភាគច្រើនជាប្រភេទម៉ូតូប្រើលេខអូតូ ហើយម៉ូតូមួយចំនួនមិនទាន់បានដំឡើងជាម៉ូតូឲ្យពេញលេញនៅឡើយ ពោលគឺគ្រាន់តែនាំចូលជាលក្ខណៈពាក់កណ្តាលសម្រេចប៉ុណ្ណោះ ៕

 


ចែករំលែក៖