ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ នាយកដែនជម្រកសត្វព្រៃស្រែពកព្រំ សុវណ្ណា កំពុងគ្រប់ទឹក

ចែករំលែក៖

ក្រោយពីបានតែងតាំងជានាយកដែនជម្រកសត្វព្រៃស្រែពកបានរយៈពេលប្រហែល៤ខែប៉ុណ្ណោះ លោកព្រំ សុវណ្ណា កំពុងធ្វើឲ្យមន្ត្រីនៅក្រោមឱវាទបាក់ទឹកចិត្តជាខ្លាំង ព្រោះតែលោកស្រវាយកទាំងអស់ ដោយមិនទុក ឬចែករំលែកផលចំណែកតិចតួចឲ្យកូនចៅនោះទេ។ និយាយតាមត្រង់ទៅ បទល្មើសនៅតំបន់ជម្រកសត្វព្រៃស្រែពក ពិតជាកើតមាន ដោយមិនអាចកាត់ផ្តាច់បាន។ ប៉ុន្តែអ្វីដែលធ្វើឲ្យកូនចៅមិនសប្បាយចិត្តនោះ គឺលោកនាយកដែនមិនចេះចែករំលែកឲ្យគ្នារស់នោះផងទេ។

ខុសពីមេមុនៗ លោកព្រំ សុវណ្ណា ដែលមានជំនាញផ្នែកព្រៃឈើ ពិតជាស្ទាត់ជំនាញក្នុងការទាក់ទងជាមួយពួកឈ្មួញរកស៊ីឈើ ដែលនាំចេញទៅប្រទេសវៀតណាម។ នៅពេលដែលលោកកំពុងតែត្រជាក់ចិត្តជាមួយនឹងពួកឈ្មួញ បទល្មើសព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក កើតឡើងយ៉ាងគគ្រឹកគគ្រេង ដោយលោកប្រធានព្រំ សុវណ្ណា នឹកស្មានថា កូនចៅរបស់ខ្លួនមិនដឹងនោះទេ។ ប៉ុន្តែការគិតរបស់លោកខុសហើយ ពីព្រោះមន្ត្រីនៅក្នុងដែនជម្រកសត្វព្រៃស្រែពក នរណាក៏ដឹងអំពីបញ្ហាបទល្មើសនេះដែរ គ្រាន់តែគេមិនចង់ហែកទ្រូងឲ្យក្អែកចឹកតែប៉ុណ្ណោះ។ សម្រាប់លោកព្រំ សុវណ្ណា មិនយល់អំពីអារម្មណ៍មន្ត្រីក្រោមឱវាទ ដែលជាកូនចៅនោះឡើយ ផ្ទុយទៅវិញ ក្រៅតែពីស៊ីដាច់គ្រប់សំណុំរឿង គ្រប់ពេលវេលា លោកថែមទាំងគាបសង្កត់កូនចៅទៀតផង។

ករណីនេះ កំពុងធ្វើឲ្យមន្ត្រីនៅក្នុងដែនជម្រកសត្វព្រៃស្រែពកអាក់អន់ស្រពន់ចិត្តជាខ្លាំង ហើយថា បើទង្វើរបស់លោកព្រំ សុវណ្ណានៅតែបន្តយ៉ាងនេះទៀតនោះ អាចនឹងមានបញ្ហាធំកើតឡើងនៅថ្ងៃណាមួយជាមិនខាន។ អំពើពុករលួយ ក្នុងបញ្ហាបទល្មើសព្រៃឈើនៅតំបន់ជម្រកសត្វព្រៃស្រែពក កំពុងជារឿងមួយដែលមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏ដូចជាក្រសួងត្រូវមើលឲ្យបានម៉ត់ចត់។ មន្ត្រីក្រោមឱវាទនៃតំបន់ជម្រកសត្វព្រៃស្រែពករំពឹងថា លោកកែវ សុភ័ក ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីពិនិត្យករណីលោកព្រំ សុវណ្ណា នាយកដែនជម្រកសត្វព្រៃស្រែពកនោះផង៕


ចែករំលែក៖