ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងឃុំផាត់សណ្ដាយ រាលដាលកាន់តែខ្លាំង

ចែករំលែក៖

ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាប ឃុំផាត់សណ្ដាយ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំបានឲ្យដឹងថា រយៈពេលជាង១ខែកន្លងទៅនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់រាលដាលកាន់តែខ្លាំងធ្វើឲ្យធនធានមច្ឆជាតិកំពុងប្រឈមនឹងសេចក្ដីវិនាស។ ប្រជានេសាទក្នុងឃុំផាត់សណ្ដាយបានឲ្យដឹងថា កន្លងមកពួកគាត់ បានអំពាវនាវឲ្យលោក សុខ លូ អភិបាលខេត្តកំពង់ធំក៏ដូចជាលោក អេង ជាសាន អគ្គ នាយករដ្ឋបាលជលផលចាត់វិធានការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុស ច្បាប់ដែលរាលដាលកាន់តែខ្លាំង។ ប៉ុន្តែរហូតមកដល់ពេលនេះអភិបាលខេត្តកំពង់ធំ លោក សុខ លូ និងអគ្គនាយករដ្ឋបាលជលផលលោក អេង ជាសាន មិនចាត់វិធាន ការបង្ក្រាបបទល្មើសនេសាទទេ ហើយបណ្ដោយឲ្យមន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ធំ ឃុបឃិតឲ្យមានបទល្មើសនេសាទកាន់តែខ្លាំងថែមទៀត ។

ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាបច្ចុប្បន្នមានបទល្មើសប្រើឧបករណ៍ខុសច្បាប់ដូចជា ឆ្នុកភ្លើងពណ៌ របាំងលបណរ៉ាវ របាំងសាច់អួនក្រឡាញឹកកើតឡើង យ៉ាងអនាធិបតេយ្យ។ របាំងលបណរ៉ាវរបាំងសាច់អួនក្រឡាញឹករាប់រយខ្សែដែលមានប្រវែងបណ្ដោយចាប់ពី៥០០ម៉ែត្រទៅជាង២.០០០ម៉ែត្រកំពុងត្រូវបានក្រុមជនល្មើសប្រើសម្រាប់ចាប់ត្រីយ៉ាងពេញបន្ទុកដោយមានការឃុបឃិតពីមន្ត្រីរដ្ឋបាលជលផល

និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ មន្ត្រីរដ្ឋបាលជលផលក្នុងឃុំផាត់សណ្ដាយ ស្រុក កំពង់ស្វាយជាអ្នកឃុបឃិតឲ្យជនល្មើសប្រើឧបករណ៍ខុសច្បាប់ដើម្បីប្រមូលលុយ ចែកគ្នាធ្វើមានធ្វើបាន ហើយមួយផ្នែកនៃលុយនោះត្រូវបែងចែកទៅឲ្យចៅហ្វាយនាយរបស់ពួកគេ ។

តាមការអះអាងរបស់មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំបានឲ្យដឹងថា ការដែលបទល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងតំបន់បឹងទន្លេសាបនៃឃុំផាត់ សណ្ដាយ ស្រុកកំពង់ស្វាយកើតឡើងយ៉ាងគំហុកដូចសព្វថ្ងៃនេះមានការឃុបឃិត បើកដៃពីសំណាក់លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ។ ប្រភពបានឲ្យដឹងទៀតថា បើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ធីវ វណ្ណធី និងលោក ប៉ែន វណ្ណរិទ្ធ ទេនោះគឺ មន្ត្រីរដ្ឋបាលជលផលប្រចាំឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយក៏ដូចជាប្រចាំឃុំពាម បាង ស្រុកស្ទោង ខេត្តកំពង់ធំមិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ពួកគេនោះទេ។ ហេតុនេះហើយទើបប្រជានេសាទក្នុងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយអំពាវនាវឲ្យ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលបង្ក្រាប បទល្មើសនេសាទក្នុងស្រុកកំពង់ស្វាយជាបន្ទាន់ ព្រោះមួយរយៈពេលចុងក្រោយនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងរាលដាលកាន់តែខ្លាំងជាងមុនទៅទៀត ៕

 


ចែករំលែក៖