ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅស្រុកកណ្តៀង កើតមាន​ស្អេកស្កះ

ចែករំលែក៖

គេរាយការណ៍ថា បទល្មើសនេសាទ​នៅបឹងទន្លេសាប​ក្នុងភូមិសាស្ត្រ​ស្រុកកណ្តៀង បាននិងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងដោយពួក​អ្នកនេសាទល្មើសច្បាប់ទាំងនោះ គ្រាន់តែបង់ប្រាក់​ឲ្យពួកមន្ត្រីជលផលជាការស្រេច ។ មន្ត្រីជលផល​ដែល​មានភារកិច្ច​ប្រមូលប្រាក់​ពីអ្នកនេសាទល្មើសច្បាប់នោះគឺលោក ភេម សុខុន នាយសង្កាត់រដ្ឋបាលជលផលកណ្តៀង ។ ក្រោមលេសថា គ្មានកម្លាំងគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើស លោក ភេម សុខុន ទុកបណ្តោយឲ្យអ្នកនេសាទល្មើសច្បាប់ធ្វើសកម្មភាពតាមអំពើចិត្ត ។

ប្រភពរាយការណ៍ថា បទល្មើសនេសាទ បរ ក៏ដូចជាអួន ក្រឡាញឹក កំពុងធ្វើសកម្មភាពនៅបឹងទន្លេសាប​ក្នុងស្រុក​កណ្តៀង​ជាចំហរ ។ ពួកឈ្មួញអ្នកនេសាទល្មើសច្បាប់ធ្វើសកម្មភាព​ទាំងយប់ ទាំងថ្ងៃ ហើយនៅពេលដែល​គេសួរនាំអំពីបញ្ហាបទល្មើស លោក ភេម សុខុន អះអាងថា ជលផលគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើសនោះឡើយ ។ ប៉ុន្តែវាគ្រាន់តែជាចម្លើយដោះសាររបស់មន្ត្រី​ជលផលនេះតែប៉ុណ្ណោះ ផ្ទុយទៅវិញ ពួកអ្នកនេសាទល្មើសច្បាប់សុទ្ធតែត្រូវបង់ប្រាក់​ឲ្យលោក ភេម សុខុន ទើបអាច​ប្រព្រឹត្តល្មើសបានដោយចំហរ ។

បទល្មើសនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប​ នៃខេត្តពោធិ៍សាត់ កើតឡើងក៏ព្រោះតែកម្សោយនៃការដឹកនាំ​របស់​ស្ថាប័នជំនាញ​នៃខេត្តនេះ ។ បើទោះបីជាប៉ុន្មានខែមុន ថ្នាក់ដឹកនាំនិងអាជ្ញាធរខេត្ត បានបើកយុទ្ធនាការ​គគ្រឹកគគ្រេងដើម្បីបង្ក្រាបបទល្មើស​នេសាទ​នៅបឹងទន្លេសាបក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា យុទ្ធនាការបង្ក្រាបបទល្មើសនោះគ្រាន់តែជាការជិះទូកកម្សាន្តនៅតំបន់បឹងទន្លេសាបតែប៉ុណ្ណោះ ។ ពួកមន្ត្រីជលផលបានទូរស័ព្ទប្រាប់ពួកអ្នកនេសាទល្មើសច្បាប់​ឲ្យផ្អាកសកម្មភាពមុនពេលដែល​ពួកមន្ត្រីថ្នាក់ខេត្តចុះទៅដល់ ។ ទិដ្ឋភាពបែបនេះ បានកើតស្ទើរគ្រប់ទីកន្លែងនៅតំបន់បឹងទន្លេសាបនៃខេត្តពោធិ៍សាត់ ។ ជាពិសេស​ក្នុងដែនសមត្ថកិច្ច​របស់លោក ភេម សុខុន គឺបទល្មើសកើតឡើង​យ៉ាងគគ្រឹកគគ្រេង ហើយមិនដែលឃើញពួកជលផលបង្ក្រាបបានម្តងណាឡើយ ៕


ចែករំលែក៖