ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មឃុបឃិតជាមួយនាយខណ្ឌរដ្ឋបាលជលផលក្រចេះស៊ីលុយជាតិអត់ចែកកូនចៅ

ចែករំលែក៖

គេរាយការណ៍ថា លុយជាតិទម្លាក់ឲ្យនាយខណ្ឌរដ្ឋបាលជលផលក្រចេះរៀបចំទិវាមច្ឆជាតិនៅខេត្តក្រចេះ អំឡុងខែកក្កដា កន្លងទៅនោះ មិនត្រូវបានលោកសៀង គិន រៀបចំពិធីនោះទេ ប៉ុន្តែយកលុយនោះទុកក្នុងហោប៉ៅខ្លួនទៅវិញ។ នៅពេលរឿងនេះបែកខ្ចាយដល់មន្ត្រីក្រោមឱវាទ លោកកុយ ហួត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានកោះហៅលោកសៀង គិន នាយខណ្ឌរដ្ឋបាលជលផលមកសួរនាំរឿងបាត់លុយជាតិ។ បន្ទាប់ពីសួរនាំរួចហើយ ក៏ស្ងាត់ឈឹងបន្តទៀតទៅ។ ប្រការនេះធ្វើឲ្យមន្ត្រីជលផលខេត្តក្រចេះសង្ស័យថា លោកកុយ ហួត ឃុបឃិតជាមួយលោកសៀង គិន ស៊ីលុយជាតិនោះហើយ។

ប្រភពពីមន្ត្រីរដ្ឋបាលជលផលខេត្តក្រចេះអះអាងថា ទំហំទឹកប្រាក់៥លានរៀល មិនជាច្រើននោះទេ ប៉ុន្តែវាជាលុយជាតិដែលមិនគួរថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តក្រចេះហ៊ានលេបលុយនេះកើតនោះឡើយ។ ដំបូងឡើយ គេគិតថាលុយនោះនឹងត្រូវបានបែងចែកជូនមន្ត្រីជលផលខេត្តនេះ ក្រោយពីបែកធ្លាយថា មិនបានរៀបចំពិធីមច្ឆជាតិ នៅខេត្តក្រចេះនោះ។ ប៉ុន្តែការរង់ចាំចេះតែមិនឃើញបន្ទាប់ពីលោកកុយ ហួត ជួបជាមួយលោកសៀង គិនហើយនោះ ។ ដូច្នេះមានន័យថា លោកទាំងពីរនាក់នេះឃុបឃិតគ្នាលេបលុយជាតិនោះហើយ។ ប្រការនេះ ក្រសួងកសិកម្ម គួរពិនិត្យមើលផងដើម្បីជម្រះមន្ទិលសៅហ្មងរបស់មន្ត្រីក្រោមឱវាទ។

ក្រៅពីបញ្ហាលុយជាតិតិចតួច៥លានរៀលនេះ ក៏នៅមានបញ្ហាបទល្មើសនេសាទក្នុងតំបន់អភិរក្សនៅខេត្តក្រចេះនោះផងដែរ ។ បទល្មើសនេសាទជាច្រើននៅចំណុចកាំពីរ កំពុងកើតឡើងយ៉ាងព្រោងព្រាត។ ក្រុមមន្ត្រីជលផលដែលជាកូនចៅរបស់លោកសៀង គិន បង្ក្រាបបទល្មើស គ្រាន់តែចាប់អ្នកប្រព្រឹត្តល្មើសយកប្រាក់តែប៉ុណ្ណោះ។ អ្នកនេសាទល្មើសធំៗ សុទ្ធតែត្រូវបង់ប្រាក់ជូនក្រុមលោកសៀង គិន រីឯប្រជាពលរដ្ឋរកស៊ីចិញ្ចឹមក្រពះ នឹងត្រូវពួកគេចាប់យកស្នាដៃជូនថ្នាក់ដឹកនាំមិនខានឡើយ ៕

លោកសៀង គិន


ចែករំលែក៖