ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ និងនាយខណ្ឌ ល្បីខាងសម្ងំប្រមូលលុយ

ចែករំលែក៖

ថ្មីៗនេះប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់តាំងពីលោក ចាន់ រឹទ្ធី ទទួលបានតំណែងជាប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ គឺលោក គិតតែពីរឿងប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួល។ ក្នុងនោះលោក ចាន់ រឹទ្ធី បានឃុបឃិតឲ្យលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើចូលរាជធានីភ្នំពេញ និងដឹកជញ្ជូនឈើឆ្លងកាត់រាជធានីភ្នំពេញ យ៉ាងគឃ្លើនតែម្តង។ មិនតែប៉ុណ្ណោះករណីឈ្មួញនាំចូលជ្រូក នាំចូលត្រី និងមាន់ទា ពីប្រទេសជិតខាង មកលក់ចែកចាយតាមទីផ្សារក្នុងរាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ចាន់ រឹទ្ធី ដែលកំពុងល្បីល្បាញខាងពុករលួយ។

ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ អាចប្រមូលលុយបានយ៉ាងស្រួលៗក្នុងមួយខែៗរាប់ម៉ឺនដុល្លារពីការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ពីបណ្ដាខេត្តនានាចូលមកចែកចាយតាមដេប៉ូនិងតាមរោងសិប្បកម្មជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ។ បញ្ហានេះគឺជារឿងដែលលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងនោះទេព្រោះលោក គាំ សីហា មេរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ មិនដែលបង្ក្រាបបទល្មើសព្រៃឈើទាល់តែសោះ ហើយគិតតែពីរឿងប្រមូលលុយយ៉ាងសុខស្រួល។ ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញដែលដឹកជញ្ជូនឈើពីបណ្ដាខេត្តនានា ចូលមករាជធានីភ្នំពេញ ឬឆ្លងកាត់រាជធានីភ្នំពេញ សុទ្ធតែមានទំនាក់ទំនងជាមួយលោក គាំ សីហា ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

បើតាមប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឲ្យដឹងថា ការដែលលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ផងដែរ។ ប្រភពបានឲ្យដឹងទៀតថា រោងម៉ាស៊ីនអារឈើជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ ក៏ដូចជាដេប៉ូលក់ឈើនិងសិប្បកម្មកែច្នៃឈើរាប់រយកន្លែងក្នុងរាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក គាំ សីហា និងប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងសុខស្រួល ៕


ចែករំលែក៖