ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេគយនឹម ផល្លី យកឈ្មោះ ប្រតិភូគុណ ញឹម គាបសង្កត់ឈ្មួញល្បីពេញខណ្ឌចំការមន

ចែករំលែក៖

លោកនឹម ផល្លី ប្រធានការិយាល័យគយ និងរដ្ឋាករ ខណ្ឌចំការមន នៃសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បាននិងកំពុងជះឥទ្ធិពលពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ក្នុង​ការអនុវត្តតួនាទីភារកិច្ច ឈានដល់មានករណីជំរិត និងបង្ខំឲ្យឈ្មួញបង់ប្រាក់ ធ្វើឡើងតាមការទាមទាររបស់គាត់ ក្នុងនោះ ថែមទាំងយកឈ្មោះ លោកបណ្ឌិតគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបន្លាច និងគ្របដណ្តប់ទៅលើក្រុមឈ្មួញ ដែលបានរកស៊ីដឹកទំនិញចូលក្នុងទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ ។

យ៉ាងតិចមានមន្ត្រីគយចំនួន៥នាក់ ត្រូវបានលោកនឹម ផល្លី ប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌចំការមន ចាត់ទុកជាមន្ត្រីដែលខ្លួនទុកចិត្ត ក្នុងការចុះប្រតិបត្តិការ ចុះយកលុយពីក្រុមឈ្មួញដឹកទំនិញតាមរយៈ ឆ្លងកាត់ចូលខណ្ឌចំការមន និងទីតាំងឃ្លាំងនៅក្នុងខណ្ឌចំការមន ដោយ​មិនបាន អនុវត្តតាមនីតិវិធីគយ គឺតម្រូវឲ្យឈ្មួញដែលបានដឹកទំនិញប្រភេទរថយន្តយីឌុប ដោយមិនគិតថា ទំនិញទាំងនោះ នាំចូល​មានពន្ធ ឬអត់ពន្ធ ពួកគេតែងតម្រូវឲ្យបង់ក្នុងមួយឡាន ពី១០០ដុល្លារទៅ១៥០ដុល្លារ ឬដល់​២៥០ដុល្លារ ។ ក្រៅអំពីរថយន្តយីឌុប លោកនឹម ផល្លី បានឲ្យមន្ត្រីរបស់ខ្លួន ក៏ដូចជាចុះមកកាន់ទីតាំងផ្ទាល់តែម្តង យកលុយតាំងពីរថយន្តដឹកទំនិញប្រភេទគយតូច ក្នុងមួយឡានចាប់ពី៣០ដុល្លារ ទៅ៥០ដុល្លារ ។

ក្រុមឈ្មួញបាននិយាយដោយចំអកថា គ្រប់យ៉ាងលោកនឹម ​ផល្លី ក្នុងនាមជាប្រធានការិយាល័យគយ និងរដ្ឋាករ ខណ្ឌចំការមន ក៏ដូចជាបង្គាប់មន្ត្រីក្រោមឱវាទរបស់គាត់ ថា ការកំណត់ឲ្យយកប្រាក់នេះ គឺ​បញ្ជា​ដោយផ្ទាល់ពី​បណ្ឌិតប្រតិភូគុណ ញឹម ។ ក្រុមឈ្មួញបានសង្កត់ថា ក្រុមមន្ត្រីពុករលួយបែបនេះ មិនត្រឹមតែអនុវត្តប្រាស់ចាកនីតិវិធីគយប៉ុណ្ណោះទេ ពួកគេបានធ្វើឲ្យ ក្រុមឈ្មួញធុញទ្រាន់ ជះឥទ្ធិពលដ៏អាក្រក់ ប៉ះពាល់ ក្នុងសង្គមជាតិ និងជាគំរូនៃមន្ត្រីគ្រាប់ល្ពៅ ដែលសង្គមស្អប់ខ្ពើម ក្នុងនោះ បានស៊ីបានចុក ពុករលួយតែខ្លួនឯង និងបក្ខពួក ហ៊ានទាំងថ្លើមធំ យកឈ្មោះ លោកបណ្ឌិតគុណ ញឹម មកប្រើ ។

ពួកគាត់បានលួចបង្ហើបថា គ្មានបញ្ជាណាមួយ ក៏ដូចជាគ្មានគោលការណ៍ណាមួយពីលោកបណ្ឌិតគុណ ញឹម ឲ្យមន្ត្រីទាំងនេះ មកគាបសង្កត់ឈ្មួញ​ទារលុយ​ត្រង់ៗ និង​ពោរពេញដោយសម្តីអសីលធម៌ កោងកាចប្រភេទនេះទេ ។ ធាតុពិត លោកនឹម ផល្លី និងបក្ខពួក តែងតែអនុវត្តនូវវប្បធម៌ ពុករលួយ នេះ យូរមកហើយ ដូច្នេះគួរតែថ្នាក់លើខ្លះ ដែលបានទទួលកម្រៃប្រភពសេដ្ឋកិច្ច ពីលោកនឹម ផល្លី កាន់តែច្រើន មេត្តាដាក់ភាពសង្ស័យ ទៅលើបុគ្គលិកលក្ខណៈបុគ្គលរូបនេះ ឲ្យបានកាន់តែខ្លាំងផង ពីព្រោះថា គាត់បាននិងកំពុង គាបសង្កត់ឈ្មួញខ្លាំងណាស់ ។

ករណីឃ្លាំងផ្ទុកទំនិញជាច្រើនកន្លែងនៅក្នុងខណ្ឌចំការមន សុទ្ធតែបង់ប្រាក់​ឲ្យលោកនឹម ផល្លី គ្រប់កន្លែង មាន​មួយកន្លែង បង់ក្នុងមួយខែ២០០ដុល្លារ ដល់១ពាន់ដុល្លារ ឬ​២ពាន់ដុល្លារ ក្នុងនោះលោកនឹម ផល្លី ឲ្យមន្ត្រីជំនិតរបស់គាត់​៤ទៅ៥នាក់ ជាអ្នកដើរប្រមូល ក៏ដូចជាធ្វើសកម្មភាព សម្លុតគំរាមកំហែង ទៅលើរថយន្តដឹកជញ្ជូនទំនិញ ប្រយោជន៍ដើម្បីឲ្យពួកឈ្មួញបង់ប្រាក់ ក៏ដូចជាបង្កផលលំបាក រកគ្រប់មធ្យោបាយដើម្បីរំខានដល់ការរកស៊ីរបស់ឈ្មួញ ត្រូវតែបង្ខំចិត្ត បង់លុយទាំងទើសទាល់ ក្តៅក្រហាយក៏រងនូវពាក្យសម្តីអសីលធម៌ពីលោក នឹម ផល្លី និងបក្ខពួករបស់គាត់ អាងស្បែកជាមន្ត្រីគយ ប៉ុន្តែ​បុគ្គលិកលក្ខណៈក្នុងការអនុវត្តតួនាទីភារកិច្ច ហាក់ដូចជា​មិនសមជាមន្ត្រីនគរបាលមុខងារសាធារណៈ ប្រកបដោយវិជ្ជាជីវៈនោះឡើយ ។

ក្រុមឈ្មួញដឹកទំនិញ ក៏ដូចជាម្ចាស់ទីតាំងឃ្លាំងស្តុកទំនិញ សូមអង្វរកដល់លោកបណ្ឌិតគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកគយ និងរដ្ឋាករកម្ពុជា មេត្តាស៊ើបអង្កេតតាមដានរាល់ការរិះគន់ ដែលលើកឡើងពីក្រុមឈ្មួញទាំងនេះផង ចៀសវាង អំពើពុករលួយរបស់លោកនឹម ផល្លី បានជះឥទ្ធិពលអាក្រក់ និងសេចក្តីថ្លៃថ្នូរ ទៅលើស្ថាប័នគយ ព្រោះ​ករណីខាងលើនេះ កើតមានជារៀងរាល់ថ្ងៃ ជាប្រចាំ ប៉ះទង្គិចពាក្យសម្តី ចាត់ទុកឈ្មួញជាចំណាប់ខ្មាំង រហូតដល់ក្រុមឈ្មួញដឹកទំនិញ និងឈ្មួញមានឃ្លាំងស្តុកទំនិញថា លោកនឹម ​ផល្លី ជាមេគយមុខលុយ អាងអំណាច និងយកឈ្មោះ លោកបណ្ឌិតប្រតិភូមកប្រើប្រាស់រកលុយដើម្បីតែផលប្រយោជន៍ដើម្បីខ្លួនឯង និងបក្ខពួកយ៉ាងពេញទំហឹង ៕

 


ចែករំលែក៖