ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សង្វៀនជល់មាន់រីកដុះដាលតាមហាងកាហ្វេក្នុងស្រុកមុខកំពូល

ចែករំលែក៖

តើសមត្ថកិច្ចអាចបង្ក្រាបបានទេករណីចាក់ភ្នាល់មាន់ជល់តាមកញ្ចក់ទូរទស្សន៍ ដែលផ្សាយបន្តផ្ទាល់ពីប៉ុស្តិ៍ទូរទស្សន៍បរទេស(ថៃ)? ។ សព្វថ្ងៃនេះ ក្រុមអ្នកញៀនល្បែងជល់មាន់បាននិងកំពុងវក់វីនឹងការចាក់ភ្នាល់ល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍នៅតាមហាងកាហ្វេ។ បើទោះបីជាការភ្នាល់នៅមានកម្រិតតិចតួចត្រឹម១ម៉ឺនរៀល២ម៉ឺនរៀលក្តី ប៉ុន្តែ អ្នកញៀនល្បែងភ្នាល់មាន់ជល់មួយចំនួនភ្លេចបាយ ភ្លេចទឹក ភ្លេចការងារ។

នៅម្តុំផ្សារព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មានហាងកាហ្វេមួយចំនួនបានផ្សាយបន្តផ្ទាល់ពីប៉ុស្តិ៍ទូរទស្សន៍បរទេសអំពីការប្រកួតមាន់ជល់ ដែលមានការភ្នាល់ដាក់លុយចំពោះអ្នកដែលនិយមល្បែងមួយនេះ។ មិនខុសពីការភ្នាល់កីឡាប្រដាល់ប៉ុន្មានទេ មនុស្សជាច្រើនបានវិលវល់នឹងល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍នេះ។ អតិថិជនកាន់តែច្រើនឡើងក្នុងរយៈពេលចុងក្រោយនេះ ដែលនិយមភ្នាល់គ្នាចំពោះល្បែងមាន់ជល់តាមកញ្ចក់ទូរទស្សន៍។

វាហាក់ដូចជាទើបមកដល់ថ្មីចំពោះល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍ ដែលអាចទាក់ទាញបានអ្នកភ្នាល់កាន់តែច្រើនឡើង។ ជួនកាលខ្លះអតិថិជនពេញហាងកាហ្វេចាប់ផ្តើមតាំងពីម៉ោង៦ព្រឹក ដោយមិនខ្វល់ចំពោះការងាររកស៊ីចិញ្ចឹមជីវិតអ្វីឡើយ។ មិនត្រឹមតែប្រជាពលរដ្ឋសាមញ្ញប៉ុណ្ណោះទេ សូម្បីតែមន្ត្រីមានសមត្ថកិច្ចក៏វិលវល់នឹងល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍នេះដែរ។ ប្រជាពលរដ្ឋចោទសួរថា តើវាជាទង្វើខុសច្បាប់ឬទេចំពោះល្បែងជល់មាន់ដែលផ្សាយតាមទូរទស្សន៍នោះ។ សម្រាប់ស្រុកមុខកំពូល អាជ្ញាធរមានសមត្ថកិច្ចក៏កំពុងវក់វីនឹងល្បែងនេះដែរ។ ដូច្នេះ សម្រាប់ស្រុកនេះការផ្សាយល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍ទំនងជាមិនខុសច្បាប់ទេ៕

 


ចែករំលែក៖