ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាងខ្នងក្មួយអ្នកធំមិនខ្លាចសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈរំលោភផ្លូវសាធារណៈនិងខុសស្តង់ដារ ?

ចែករំលែក៖

ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ១៤៣កែងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន កំពុងនាំគ្នាព្រួយបារម្ភខ្លាចមានហានិភ័យណាមួយកើតឡើងនៅពេលអនគត ព្រោះតែបានឃើញគេកំពុងសាងសង់ស្ថានីយប្រេងឥន្ធនៈមួយនៅទីតាំងដីឡូត៍កែងផ្លូវពីរនេះ គ្រាដែលសាលារាជធានីភ្នំពេញបានហាមឃាត់មិនឲ្យពង្រីកស្ថានីយ៍ប្រេងឥន្ធនៈកណ្តាលទីក្រុងនោះ ។

ប្រជាពលរដ្ឋបានលួចខ្សឹបប្រាប់ថា មូលហេតុដែលស្ថានីយប្រេងឥន្ធនៈខាងលើនេះសាងសង់ឡើងបានរលូននោះ គឺដោយសារមានកូនក្មួយអ្នកធំម្នាក់ជាអ្នករត់ការ ទោះបីដឹងថា នៅទីនោះប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងមានប្រតិកម្មនឹងការសាងសង់ស្ថានីយ៍ប្រេងនេះក៏ដោយ ។អ្វីដែលគួរឲ្យហួសចិត្តទៀតនោះឮថា អាជ្ញាធរថ្នាក់មូលដ្ឋានបានចុះហត្ថលេខាលើសំណុំឯកសារសុំច្បាប់សាងសង់បញ្ជូនទៅថ្នាក់លើរួចរាល់ហើយ ប៉ុន្តែមិនដឹងថា ខាងក្រសួងពាក់ព័ន្ធ ឬក៏មន្ទីរជំនាញ រួមជាមួយសាលារាជធានីភ្នំពេញ កំណត់ច្បាប់ឱ្យសាងសង់កម្រិតណានោះឡើយ ។

ប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីបានជាស្ថានីយប្រេងមួយកន្លែងនេះ ដែលទីតាំងមិនមានស្តង់ដារត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសផង បែរជាត្រូវបានគេសាងសង់ឡើងយ៉ាងរំភើយ យ៉ាងដូច្នេះ?

ក្រុមអ្នកបច្ចេកទេសបាននិយាយថា ទីតាំងស្ថានីយប្រេងឥន្ធនៈដែលកំពុងសាងសង់ទាំងយប់ទាំងថ្ងៃជិតរួចរាល់ទៅហើយនោះ មិនមានលក្ខណៈត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសទេ ពោលគឺទីតាំងតូចចង្អៀត សង់រំលោភលើចំណីផ្លូវសាធារណៈបណ្តាលឲ្យកកស្ទះចរាចរណ៍ ហើយអាជ្ញាធរមូលដ្ឋានបានត្រឹមតែសម្របសម្រួលមិនហ៊ានហាមឃាត់ទេ ព្រោះប៉ះសែស្រឡាយអ្នធំ។ តើសែស្រឡាយអ្នកធំមួយណាទៅណ បានជាមានឥទ្ធិពលក្នុងការសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈគ្មានស្តង់ដារ សង់រំលោភចំណីផ្លូវសាធារណៈ និងមិនគិតពីហានិភ័យមកលើប្រជាពលរដ្ឋយ៉ាងនេះ?

បើទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋរស់នៅក្បែរនោះទទូចសុំឲ្យលោកអភិបាល រាជធានីភ្នំពេញមេត្តាជួយពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនេះឡើងវិញផង បើមិនដូច្នោះទេថ្ងៃក្រោយនឹងមានហានិភ័យមិនខាន ៕

 


ចែករំលែក៖