ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជីវកម្មរុករករ៉ែនៅស្រុកកែវសីមានៅតែបំពានច្បាប់

ចែករំលែក៖

ប្រជាពលរដ្ឋស្រុកកែវសីមាបានរាយការណ៍ថា សកម្មភាពប្រើរំសេវ និងឧបករណ៍ខុសច្បាប់សម្រាប់បំផ្ទុះទាញយករ៉ែមាសពីក្នុងដីស្រុកកែវសីមា ត្រូវបានឈ្មួញប្រើ ប្រាស់ច្បាប់ដែលហួសសុពលភាពជាលេសក្នុងការធ្វើសកម្មភាពដើម្បីប្រយោជន៍ បុគ្គល និងបក្ខពួកមួយក្តាប់តូច ។ ប្រភពដដែលបានបញ្ជាក់ថា ខណៈសកម្មភាពជីករ៉ែមាសខុសច្បាប់នៅស្រុកកែវសីមាកំពុងប្រព្រឹត្តយ៉ាងរលូននោះ មន្ត្រីជំនាញក៏មិនទាន់ចុះបង្ក្រាបបទល្មើសនៅឡើយដែរ ។

កន្លងមកអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែខ្នាតតូចដែលបានផ្ដល់ឲ្យក្រុមអ្នកជីករ៉ែនៅស្រុកកែវសីមាគឺមិនតម្រូវឲ្យសាងសង់ហេដ្ឋារចនាសម្ព័នបន្ថែម និងត្រូវប្រើប្រាស់ ឧបករណ៍សម្ភារសាមញ្ញដែលមាននៅក្នុងមូលដ្ឋាន ហើយសម្រាប់ការផ្ដល់អាជ្ញាប័ណ្ណនីមួយៗដល់អាជីវកររ៉ែនេះទៀតសោតកំណត់មិនឲ្យធ្វើលើសទំហំផ្ទៃដី១ហិកតា ជម្រៅមិនឲ្យលើសពី៥ម៉ែត្រសម្រាប់ប្រភេទអណ្ដូងរ៉ែបើក។ ចំពោះអណ្ដូងរ៉ែក្រោមដីជម្រៅមិនឲ្យលើសពី២០ម៉ែត្រ និងជាលក្ខណៈគ្រួសារប្រើប្រាស់កម្លាំងពលកម្មក្នុង មូលដ្ឋាន។ តែស្ថានភាពជាក់ស្តែងក្រុមអ្នកជីករ៉ែក្នុងស្រុកែវសីមា ខេត្តមណ្ឌលគិរីបានធ្វើ សកម្មភាពជីក រ៉ែដោយបំពានលក្ខខណ្ឌច្បាប់អនុញ្ញាតរហូតដល់សព្វថ្ងៃ ។

ប្រភពខ្សឹបថា សព្វថ្ងៃនេះក្រុមអ្នកជីករ៉ែមិនបានសុំអាជ្ញាប័ណ្ណថ្មីនោះទេ ខណៈដែល អាជ្ញាប័ណ្ណចាស់បានផុតសុពលភាពទៅហើយនោះ។ ប្រភពដដែលបញ្ជាក់ថា ការធ្វើជីវកម្ម រ៉ែនៅខេត្តមណ្ឌលគិរីភាគច្រើនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយរវាងមន្ត្រីជំនាញនឹងឈ្មួញ មានអំណាច ហើយក៏កំពុងតែធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផងដែរ ៕

ខ្សឹប
សូមអានបន្តទៀត ៖ សាលាដំបូងរាជធានីភ្នំពេញបើកសវនាការ សំណុំរឿងលោក អ៊ុំ សំអាន ថ្ងៃទី៥ កញ្ញា


ចែករំលែក៖