ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្ត សមត្ថកិច្ចជំនាញពាក់ព័ន្ធ​មិនបើកភ្នែកមើលទេអី ពីសកម្មភាពបំផ្លាញព្រៃឈើរបស់ឈ្មួញចែ អូន និង ឈ្មោះ ធារ៉ា នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ឡានយីឌុបធំៗ តែងតែចូលទៅប្រមូលឈើ​នៅ​ចំណុចតាំងយ៉ ទួលគ្រួស ដូននាគ និងកំប៉ង ស្ថិត​នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ទើរក្លាយជា​កន្លែងប្រមូលដឹកជញ្ជូនឈើ​យ៉ាងអនាធិបតេយ្យ នៅ​ចំពោះមុខច្រមុះ ភ្នែកអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងនោះ ក៏ធ្វើឲ្យអ្នកស្រុកជាម្ចាស់ទឹក ម្ចាស់ដី រស់នៅទីនោះ បង្ហាញនូវការសោកស្តាយធនធានធម្មជាតិរបស់​ខ្មែរ ត្រូវបានឈ្មួញកាប់បំផ្លាញស្ទើរវិនាសអន្តរាយទៅហើយនៅស្រុកវាលវែងនេះ ។

រថយន្តយីឌុប​បានទៅប្រមូលឈើទាំងនោះដូចហែកឋិន ចេញម្តងៗ តិចបំផុតចាប់ពី៥គ្រឿង ទៅ១០គ្រឿង ចតកណ្តាលផ្លូវ លើកឈើកណ្តាលវាល ហើយឈើទាំងនោះ បើទោះជាមិនមែនជាឈើប្រណីតក៏ដោយ ប៉ុន្តែពួកឈ្មួញ បានកេណ្ឌប្រជាពលរដ្ឋចូលទៅអារឈើក្នុងព្រៃស្រស់ៗ តូចៗ ដែលមានមុខកាត់២៥ទៅ៣០សង្ទីម៉ែត្រ អារផ្តួលរំលំ កាត់ជាកង់ៗ ដឹកតាមគោយន្ត កាឡេថង គោយន្តកន្ត្រៃ រទេះគោ យកមកលក់ឲ្យ​ឈ្មួញនៅ​ចំណុចខាងលើ ក្នុងនោះ គឺមានថៅកែធំ២រូប ចែ អូន និងឈ្មោះ ធារ៉ា ជាអ្នកចាំប្រមូលទិញ​ដឹកជញ្ជូននៅចំពោះមុខសមត្ថកិច្ចបរិស្ថាន រដ្ឋបាលព្រៃឈើ សមត្ថកិច្ច កម្លាំងប្រដាប់អាវុធ មានគ្រប់ប្រភេទ ប៉ុន្តែគេកំពុងតែឆ្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរខេត្ត ក៏ដូចជាជំនាញពាក់ព័ន្ធ មិនបង្ក្រាប ក្នុងការដឹកជញ្ជូន និងបំផ្លាញព្រៃឈើ លក្ខណៈទ្រង់ទ្រាយធំបែបនេះ?

កន្លងទៅ អាជ្ញាធរ និងសមត្ថកិច្ចខ្លះ ដែលឈឺឆ្អាលចុកចាប់នឹងសកម្មភាពល្មើសច្បាប់នេះ​បានលួចបង្ហើបថា អាជ្ញាធរ សមត្ថកិច្ច និងជំនាញដែលពាក់ព័ន្ធក្នុងការទទួលផលប្រយោជន៍ពីឈ្មួញឈើ តែងតែបានលើកហេតុផលថា រឿងខ្លះការដឹកជញ្ជូនឈើ អារឈើ គឺជាមុខរបររបស់ប្រជាពលរដ្ឋ ដូច្នេះ ពិបាកក្នុងការបង្ក្រាប ខ្លាចបាត់បង់សន្លឹកឆ្នោតនេះជាដើម ។ ផ្ទុយទៅវិញ ពួកគាត់​ទទួលស្គាល់ថា គ្មានពលរដ្ឋណាពេញចិត្តនឹងសកម្មភាព​បំផ្លាញព្រៃឈើនោះទេ មានតែអ្នកមកពីខាងក្រៅស្រុក ក៏ដូចជាឈ្មួញធំៗ ជាពិសេស មានទាំងក្រុមវៀតណាមថែមទៀត ចូលទៅមើលឈើក្នុងព្រៃដើម្បីទម្លាក់លុយឲ្យក្រុមដៃជើងរបស់ខ្លួនប្រមូលឈើនៅក្នុងព្រៃលើភ្នំជាដើម ។

បើទោះជាការជញ្ជូនឈើជាប្រភេទឈើ​តូចៗ និងចាត់ទុកថាជាអុស​ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋ គាត់​សែនសោកស្តាយនូវ​ព្រៃឈើដ៏ស្រស់បំព្រងរបស់គាត់ក្នុងភូមិ​ត្រូវគេកាប់បំផ្លាញអារជាកង់ៗ ចាត់ទុកជាឈើអុស ផ្ទុកតាមរថយន្តយីឌុប និងប្រមូលមកគរទុកនៅជិតនឹងដងផ្លូវ ក៏ដូចជាមានទីលានឃ្លាំងសម្រាប់ទទួលឈើទាំងនោះចូលទៅអារក្នុងព្រៃយ៉ាងអនាធិបតេយ្យ ព្រមទាំងដឹកជញ្ជូនផ្ទុកលើសទម្ងន់ ឈានដល់ការព្រួយបារម្ភផងដែរ អំពីបញ្ហាដឹកជញ្ជូនបំផ្លាញផ្លូវ បណ្តាលឲ្យស្រុតប្រេះស្រាំ ខណៈផ្លូវជាតិនៅទីនោះ ទើបនឹងកសាងហើយថ្មីៗ ។

គេពុំអាចបញ្ជាក់បានថា ចែ អូន និងឈ្មោះ ធារ៉ា ប្រមូលឈើទាំងនោះផ្តាច់មុខ ប្រភេទជាអុស តែកាប់ឈើ​ថ្មីៗ​អារជាកង់ៗ បង់ប្រាក់ឲ្យអាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងជំនាញពាក់ព័ន្ធក្នុងមួយខែប៉ុន្មានពិតប្រាកដនោះទេ ប៉ុន្តែប្រភពគួរឲ្យជឿទុកចិត្តបានលួចបង្ហើបថា តូចបំផុត ក្នុងមួយស្ថាប័ន ចែ អូន និងឈ្មោះ ធារ៉ា ត្រូវបង់ប្រាក់ក្បាលឡាន ក្នុងមួយឡាន មួយខែ១០ម៉ឺនរៀលសម្រាប់កូនចៅ ថ្នាក់ក្រោម ដែលមានភារកិច្ចនៅតាមដងផ្លូវ ។ ដោយឡែកមេៗថ្នាក់លើទៀត មិនដឹងថា ចែ អូន និងឈ្មោះ ធារ៉ា នេះបង់ប៉ុន្មានទេក្នុងមួយខែៗ ទើបការដឹកជញ្ជូនឈើស្រស់ៗយកមកកាន់រាជធានីភ្នំពេញ និងទៅកាន់តាមបណ្តាខេត្តនានាទៀត​យ៉ាងគគ្រឹកគគ្រេងដោយអំពើចិត្ត ។ ប្រជាពលរដ្ឋខ្លះបានលើកឡើងដោយពាក្យ​ចំអកថា បើឈប់បានឈប់តូវ ក្រុមអស់លោកបំផ្លាញព្រៃឈើ ដោយសារតែប្រយោជន៍នោះអី ពីព្រោះថា បើទោះជាពួកគាត់ក្រក្សត់ សឹងរកអង្ករច្រកឆ្នាំងមិនបានក្តី ក៏​មាន​ចិត្តស្រឡាញ់ព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ ដ៏មានតម្លៃពីដូនតាយើងតៗគ្នា គួរ​តែ​ទប់ស្កាត់ រក្សាការពារ ផ្ទុយទៅវិញ ការកាប់បំផ្លាញឈើ ការដឹកជញ្ជូនឈើ ការចូលទៅដឹកឈើក្នុងព្រៃ ក្រុមឈ្មួញ គឺធ្វើឡើង​តែខាងក្រោយស្នាក់ការៗ បរិស្ថាន ទាំងការបើកគោយន្ត គោយន្តកន្ត្រៃ កាឡេថង បាកុង នេះជាដើម គឺបើកតែជិតៗស្នាក់ការបរិស្ថាន ។ ដោយឡែកមន្ត្រីទាំងអស់នោះ មានតែទៅអង្គុយយកលុយតាំងពីដឹកឈើតាមម៉ូតូនោះទៀតផង ។ ចាំមើលអាជ្ញាធរខេត្តពោធិ៍សាត់មានវិធានការឬមួយ​យ៉ាងណាជុំវិញបញ្ហាប្រជាពលរដ្ឋលើកឡើងខាងលើនេះ ពីព្រោះថា បើ​សមត្ថកិច្ចជំនាញពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ មានវិធានការបង្ក្រាប គឺងាយស្រួលបំផុត ទី១ ត្រូវ​ចាប់​ក្រុមអ្នកប្រមូលទិញ ដូចជា ចែអូន និងឈ្មោះ ធារ៉ា នេះជាដើម ទី២ ឲ្យ​ជំនាញរដ្ឋបាលព្រៃឈើ និងជំនាញខាងបរិស្ថានទទួលខុសត្រូវ​ចំពោះដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន មិនមែន ស្នាក់ការនៅទីនោះ អង្គុយយកលុយនៅទីនោះ ហើយក៏គ្មានឈ្មួញណា មានផ្លូវ​ចូលក្នុងព្រៃ​ ដឹកឈើចេញពីព្រៃ ឆ្លងផុតពីផ្លូវស្នាក់ការរបស់ខ្លួនដែរ ។ នេះហើយ ដែលប្រជាពលរដ្ឋចោទថា អស់លោកច្រើនប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធទើបព្រៃឈើងាយនឹងវិនាសមហន្តរ៉ាយ ៕


ចែករំលែក៖