ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ មនុស្សក្រៅក្របខ័ណ្ឌអុកឡុករដ្ឋបាលព្រៃឈើត្បូងឃ្មុំ

ចែករំលែក៖

មន្ត្រីរដ្ឋបាលព្រៃឈើតូចតាចក្នុងខេត្តត្បូងឃ្មុំបានឲ្យដឹងថា ចៅហ្វាយនាយរបស់ពួកគេកំពុងប្រើអំណាចដើម្បីប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក គឹម ឈុនលី បានប្រើមនុស្សម្នាក់ឈ្មោះ ភ័ក្ត្រ ដែលមិនមែនជាមន្ត្រីរដ្ឋបាលព្រៃឈើឲ្យបង្កើតប៉ុស្ដិ៍ជជុះគាបជំរិតយកលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើស្រេចតែអំពើចិត្ត។ សូម្បីតែប្រជាពលរដ្ឋដែលរកស៊ីដឹកអុស ដឹកជន្លង់ម្រេចបន្តិចបន្តួចដើម្បីបានប្រាក់ចំណូលចិញ្ចឹមជីវិតក៏ត្រូវឈ្មោះ ភ័ក្ត្រ គាបជំរិតយកលុយតាមអំពើចិត្តដែរ ព្រោះមានបទបញ្ជាយ៉ាងច្បាស់លាស់ពីសំណាក់លោក គឹម ឈុនលី មេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ។

បើតាមប្រភពពីមន្ត្រីដែលស្និទ្ធនឹងលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានឲ្យដឹងថាឈ្មោះ ភ័ក្ត្រ មិនមែនជាមន្ត្រីរដ្ឋបាលព្រៃឈើនោះទេ ប៉ុន្តែលោក គឹម ឈុនលី បានផ្ដល់តួនាទីឲ្យប្រដេញកាក់រថយន្តដឹកជញ្ជូនឈើគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨ ជំរិតយកលុយពីឈ្មួញ។ ពេលខ្លះសូម្បីតែរថយន្តរបស់ប្រជាពលរដ្ឋដឹកអាចម៍មាន់អាចម៍គោទៅដាក់ចំការក៏ឈ្មោះ ភ័ក្ត្រ ជំរិតយកលុយថ្លៃបាយពី៤ម៉ឺនទៅ៦ម៉ឺនរៀលដែរដោយអះអាងថា យកទៅឲ្យលោក គឹម ឈុនលី ដែលជាមេរបស់ខ្លួន។ តាមរយៈសកម្មភាពរបស់ឈ្មោះ ភ័ក្ត្រ គឺលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ អាចប្រមូលលុយបានយ៉ាងច្រើនយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ព្រោះឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់គ្រប់ផ្លូវជាតិ និងខេត្តត្បូងឃ្មុំ គេចមិនផុតពីកណ្ដាប់ដៃរបស់លោក គឹម ឈុនលី នោះទេ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថា លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ មានដាក់កូនចៅពង្រាយតាមប៉ុស្ដិ៍ជជុះច្រើនកន្លែងដើម្បីគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។ មនុស្សដែលលោក គឹម ឈុនលី ប្រើឲ្យឈរជើងតាមប៉ុស្ដិ៍ជជុះទាំងនោះសុទ្ធតែមានជំនាញខាងបើកបររថយន្តប្រដេញតាមរថយន្តដឹកឈើឲ្យចូលបង់លុយ ហើយជួនការគេកាក់ឃាត់រថយន្តដឹកឈើរួចដោះលែងវិញស្ងាត់ៗដោយគាបយកលុយបានយ៉ាងច្រើន៕

 


ចែករំលែក៖