ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធNikola Kalinicរបស់ក្រូអាតត្រូវបានបណ្តេញមកផ្ទះវិញ

ចែករំលែក៖

ខ្សែប្រយុទ្ធNikola Kalinicរបស់ក្រុមជម្រើសជាតិក្រូអាតត្រូវបានបណ្តេញឲ្យមកផ្ទះវិញក្រោយពេលដែលគាត់បដិសេធលេងបាល់ជាកីឡាករបម្រុងពេលក្រូអាតយកឈ្នះលើនីហ្សេរីយ៉ា2-0។

ក្រោយបញ្ចូលកីឡាករវ័យ៣០ឆ្នាំនេះទៅស្រុកកំណើតវិញ ក្រុមជម្រើសជាតិក្រូអាតមិនអាចជំនួសកីឡាករថ្មីឡើយ មានន័យថាពួកគេត្រូវលេងគ្នាតែ២២នាក់រហូតដល់ចប់កម្មវិធីប្រកួតWorld Cupនៅក្នុងប្រទេសរុស្ស៊ី។

ខ្សែប្រយុទ្ធKalinicរបស់ក្លិបAC Milanនេះបានប្រាប់ថាគាត់មិនអាចលេងបានដោយសារតែឈឺខ្នង ហើយគាត់ក៏ធ្លាប់ប្រាប់បែបនេះដែរពេលក្រុមក្រូអាតប្រកួតចាញ់ប្រេស៊ីល2-0ក្នុងជំនួបមិត្តភាព។ ចំណែកលោកZlatko Dalicគ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាតបានថ្លែងថា “ខ្ញុំត្រូវការកីឡាករទាំងអស់មានសុខភាពល្អនិងអាចលេងបាន។ ពេលប្រកួតជាមួយនឹងនីហ្សេរីយ៉ា Nikola Kalinic បានកម្តៅសាច់ដុំហើយត្រូវបានរំពឹងថានឹងដាក់ចូលលេងនៅក្នុងតង់ទី២ តែពេលឲ្យគាត់ចូលលេងគាត់បែរជាប្រាប់ថាមិនអាចលេងបានដោយសារតែឈឺខ្នងទៅវិញ។ រឿងនេះវាបានកើតឡើងដូចគ្នាពេលនៅអង់គ្លេសដែរពេលប៉ះប្រេស៊ីល។ ដោយសារតែខ្ញុំត្រូវការកីឡាករដែលអាចលេងបានទើបធ្វើឲ្យខ្ញុំសម្រេចចិត្តបញ្ជូនគាត់ទៅផ្ទះវិញ។”

គួរបញ្ជាក់ថាNikola Kalinicធ្លាប់លេងឲ្យក្រុមBlackburn Roversពីឆ្នាំ២០០៩ដល់២០១១ និងរកបាន១៥គ្រាប់ក្នុងចំណោម៤១ប្រកួតឲ្យក្រុមជម្រើសជាតិក្រូអាត។ បច្ចុប្បន្នបានក្លាយទៅជាកីឡាករអចិន្រ្តៃយ៍របស់ក្លិបAC Milanដែលបានទិញគាត់ពីក្រុមFiorentina៕ ដេវីត


ចែករំលែក៖