ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះផ្អាកអាជីវកម្មលក់មាន់២ទីតាំង ក្រោយមានផលប៉ះពាល់ដល់សុខភាពពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងមានការចូលរួមពីលោកឃាង ម៉ារិទ្ធិ អនុប្រធានការិយាល័យផលិតកម្ម និងបង្សុ នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ បានចុះផ្អាកអាជីវកម្មសិប្បកម្មលក់មាន់ចំនួន២កន្លែង ស្ថិតតាមបណ្តោយផ្លូវ២៩បេតេ ភូមិសន្សំចំរើនផល៣ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៩ និង២០នាទីព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៨ ក្រោយមានផលប៉ះពាល់លើបញ្ហាគ្មានអនាម័យ និងមានក្លិនស្អុយជះឥទ្ធិពលដល់សុខភាពប្រជាពលរដ្ឋ ។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ឲ្យដឹងថា មុនឈានដល់ការដឹកនាំកម្លាំងចម្រុះចុះមកផ្អាកអាជីវកម្មទាំង២ខាងលើបណ្តោះអាសន្ន គឺ កន្លងមកអាជ្ញាធរខណ្ឌធ្លាប់បានធ្វើលិខិតណែនាំឲ្យម្ចាស់អាជីវកម្មទាំង២ ត្រូវរុះរើរសម្ភារៈរបស់ខ្លួនដែលមានក្នុងទីតាំងចេញឲ្យអស់ និងត្រូវលាងសម្អាតឲ្យបានស្អាតល្អមុនពេលបញ្ឈប់អាជីវកម្ម ។

លោកអភិបាលរង បន្តថា កន្លងមកគឺអាជ្ញាធរធ្លាប់ទទួលបានបណ្តឹងជាច្រើនពីពលរដ្ឋក្បែរខាង ប្តឹងទៅកាន់អាជ្ញាធរអំពី ផលប្រឈមលើបញ្ហាអនាម័យ ពោលគឺជះក្លិនស្អុយបំផុតចេញពីទីតាំងទាំង២ បង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។ ក្រោយទទួលបានបណ្តឹងមក កម្លាំងអាជ្ញាធរ ក្នុងនោះមានមន្ត្រីជំនាញ បានចុះទៅពិនិត្យជាក់ស្តែង ក៏រកឃើញថា ទីតាំងទាំង២ខាងលើ ពិតជាមានផលប្រឈមដូចអ្វីដែលពលរដ្ឋបានប្តឹងប្រាកដមែន ហើយអ្វីពិសេសនោះ គឺទីតាំងទាំង២នេះ មិនមានអនាម័យល្អលើសង្វាក់អាជីវកម្មរបស់ខ្លួនផងដែរ ។

យ៉ាងណាមិញ នៅវេលាព្រឹកថ្ងៃខែដដែល អាជ្ញាធរបានធ្វើកំណត់ហេតុ ផ្អាកទីតាំងអាជីវកម្មមាន់ទាំង២នេះ និងមិនតម្រូវឲ្យម្ចាស់អាជីវកម្មទាំង២អាចបន្តអាជីវកម្មបានទៀតឡើយ ពោលគឺតម្រូវឲ្យពួកគាត់បញ្ឈប់អាជីវកម្មដោយខ្លួនឯងដោយត្រូវប្រមែប្រមូលសម្ភារទាំងអស់ចេញពីទីតាំងរបស់ខ្លួន ហើយត្រូវលាងសម្អាតទីតាំងឲ្យបានស្អាតល្អជាមុនសិនមុនពេលបញ្ឈប់អាជីវកម្មរបស់ខ្លួន ។ ម្យ៉ាងទៀតពួកគេអាចផ្លាស់ប្តូរទីតាំងរបស់ខ្លួនពីតំបន់កំពុងមានផលប្រឈមខាងលើ ទៅតាំងទីទួលនៅតំបន់ដាច់ស្រយ៉ាល់សមស្របណាមួយបាន ដែលមិនមែនជាទីប្រជំុជន ដើម្បីជៀសវាងការប៉ះពាល់ដល់បរិក្ខារអនាម័យសង្គម ពិសេសរំខានដល់ការរស់នៅរបស់ប្រជាជនក្បែរខាង ។

ទីតាំងទាំង២មានម្ចាស់ឈ្មោះ ទី១ឈ្មោះប្រាក់ ស្រីមំុ ជាម្ចាស់អាជីវកម្មខ្នាតតូចល្មម ផ្ទះគ្មានលេខ និងទីតាំងទី២មានម្ចាស់ឈ្មោះឡុង សុវណ្ណារិទ្ធិ ជាម្ចាស់អាជីវកម្មមាន់ខ្នាតធំ ចំណុចផ្ទះលេខ៨២២ ។ ទីតាំងទាំង២នេះ ស្របនៅលើផ្លូវរួមជាមួយគ្នា ។

លោកអភិបាលរងខណ្ឌបន្តថា ក្នុងករណីដែលម្ចាស់ទីតាំងទាំង២ខាងលើ មិនគោរពទៅតាមកំណត់ហេតុ ឬគោលលការណ៍ណែនាំរបស់អាជ្ញាធរនោះ អាជ្ញាធរនឹងមានវិធានការចាត់ការតាមច្បាប់ជាក់ជាមិនខានឡើយ ៕ ស តារា


ចែករំលែក៖