ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពស្រុកកៀនស្វាយចាប់គ្រឿងចក្រ៦គ្រឿងដែលលួចកាយដីព្រៃលិចទឹក

ចែករំលែក៖

ខេត្តកណ្តាល៖ ដើម្បីទប់ស្កាត់នូវសកម្មភាពរុករានទន្ទ្រានយកដីរដ្ឋ អតីតដីស្ថិតក្នុងដែនឡូត៍នេសាទជាប្រភេទដីព្រៃលិចទឹកសម្រាប់ជាជម្រកត្រីពងកូន គណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ ក្រោមការណែនាំពីលោកម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងមានការដឹកនាំផ្ទាល់ពីលោកអ៊ូ ឈាង ជាប្រធានគណៈបញ្ជាការឯកភាពស្រុកបានបើកយុទ្ធការចុះចាប់គ្រឿងចក្រប្រភេទអេស្កាវ៉ាទ័របាន៥គ្រឿង និង ប៊ុលឌូហ្ស័រ ១គ្រឿង ដែលឈ្មួញលាក់ទុកនៅក្នុងព្រែបឹងសម្រាប់ធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកដែលជាដីរបស់រដ្ឋដោយលើកជាទំនប់ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។

សកម្មភាពចុះចាប់គ្រឿងចក្រនៅក្នុងព្រៃបឹងនេះដែរ សមត្ថកិច្ចបានចុះទាំងយប់ទាំងថ្ងៃនៅតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ជាប់ព្រំប្រទល់ជាមួយស្រុកស្អាង និងស្រុកលើកដែក ។ ជាលទ្ធផលកម្លាំងចម្រុះចាប់បាន៦គ្រឿងដឹកយកមករក្សាទុកនៅសាលាស្រុកកៀនស្វាយដើម្បីរងចាំការសម្រេចពីលោកប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ។

លោកវង សែ អធិការរងនគរបាលស្រុកកៀនស្វាយដែលដឹកនាំកម្លាំងចុះចាប់គ្រឿងចក្រនៅក្នុងព្រៃបឹងបានឲ្យដឹងថា យុទ្ធនាការជិត១ខែនេះគណៈបញ្ជាការឯកភាពស្រុកបានចុះចាប់គ្រឿងចក្រ៦គ្រឿងនៅគោលដៅផ្សេងៗគ្នាក្នុងភូមិសាស្ត្រស្រុក រួមមានចាប់នៅចំនុចដីព្រៃលិចទិកក្នុងឃុំកំពង់ស្វាយ និងឃុំគគីរធំ ។ គ្រឿងចក្រទាំង៦គ្រឿងនេះធ្វើសកម្មភាពឈូសឆាយលើកជាទំនប់លើដីរបស់រដ្ឋ ដីព្រៃលិចទឹកសម្រាប់ជាជម្រកត្រីពងកូន ។ នៅពេលថ្ងៃគ្រឿងទាំងអស់នេះច្រើនតែធ្វើសកម្មភាពនៅពេលយប់ ពេលថ្ងៃក្រុមជនទុច្ចរិតបើកគ្រឿងចក្រយកទៅលាកទុកនៅក្នុងព្រៃ ដូច្នេះវាបង្កផលលំបាកដល់សមត្ថកិច្ចក្នុងការចុះបង្ក្រាប ។ ទោះជាលំបាកយ៉ាងណាក៍ដោយកម្លាំងសមត្ថកិច្ចបានដេកចាំនៅក្នុងព្រៃដើម្បីចាំចាប់គ្រឿងចក្រដែលឈូសឆាយដីព្រៃលិចទឹក ជាលទ្ធផលចាប់បាន៦គ្រឿងបញ្ជូនទៅរក្សាទុកនៅសាលាស្រុកកៀនស្វាយ ដើម្បីរងចាំការសម្រេចពីលោកអភិបាលខេត្តកណ្តាលដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។

តាមប្រភពព័ត៌មានពីអ្នកដឹងចរិតពុតត្បុតអាក្រក់របស់ឈ្មួញបានបង្ហើបឲ្យដឹងថា គ្រឿងចក្រដែលធ្វើសកម្មភាពឈូសឆាយដីបឹង ដីព្រៃលិចទឹក ដែលជាដីសាធារណៈរបស់រដ្ឋនេះគឺជាប់ពាក់ព័ន្ធជាមួយមន្ត្រីជលផលនៅតាមសង្កាត់ និងតាមផ្នែក ជាអ្នកបើកដៃឲ្យគ្រឿងចក្រធ្វើសកម្មភាពឈូលឆាយកាយលើកជាទំនប់ព័ន្ធយកដីបឹង អតីតដីដែនឡូត៍នេសាទទៅលក់ឲ្យឈ្មួញយកធ្វើជាកម្មសិទ្ធ ។ ករណីនេះសូមលោកអភិបាលខេត្តស៉ើបអង្កេតឲ្យបានស៊ីជម្រៅ វែកៗទៅប្រកដជាឃើញហើយមន្ត្រីជលផលណាខ្លះដែលទុច្ចរិត ៕ សណ្តោស


ចែករំលែក៖