ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងស្ថាបនាប្រព័ន្ធលូថ្មីនៅជុំវិញផ្សាច្បារអំពៅបានជាង១០០ម៉ែត្រហើយ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីក្រុមការងារចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញដាក់ប្រព័ន្ធលូថ្មជុំវិញផ្សារច្បារអំពៅកាត់តាមផ្លូវលេខ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ មកដល់ពេលនេះការអនុវត្តគម្រោងសម្រេចបានជាង១០០ម៉ែត្រហើយ ក្នុងប្រវែងសរុប៧៨៥ម៉ែត្រ មុខកាត់១២០សង់ទីម៉ែត្រ ។

លោកយិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា ប្រព័ន្ធលូថ្មីនេះមានទំហ៊ំធំជាងប្រព័ន្ធលូចាស់ មានលទ្ធភាពបង្ហូទឹកបានលឿននិងជាប្រព័ន្ធលូមេសម្រាប់សង្កាត់ច្បារអំពៅទី២ ។ ការដាក់ប្រព័ន្ធលូថ្មីនេះជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញចំណែកអាជ្ញាធរមូលដ្ឋានគ្រាន់តែជាអ្នកសម្របសម្រួលពីប៉ះពាល់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារដែលចុះមកអនុវត្តគម្រោងស្ថាបនាលូរថ្មីនេះ ។

លោកចៅសង្កាត់បានបន្តថា ចាប់តាំងពីការចាប់ផ្តើមអនុវត្តគម្រោងដាក់ប្រព័ន្ធលូរ មកដល់ពេលនេះមានរយៈជិត២សប្តាហ៍ហើយ ក្រុមការងារសម្រេចបានប្រវែងជាង១០០ម៉ែត្រ ក្រោគម្រោងស្ថាបនាប្រវែង៧៨៥ម៉ែត្រ ។ តាមគម្រោងត្រូវស្ថាបនាជុំវិញផ្សារច្បារអំពៅ កាតតាមផ្លូវលេខ៣៦៩ បង្ហូរចូលទន្លេបាសាក់តែម្តង ។ បើតាមការបញ្ជាក់ពីអ្នកម៉ៅការងារ ប្រព័ន្ធលូថ្មីត្រូវចំណាយពេលក្នុងការស្ថាបនាមិនលើស២ខែឡើយ និយាយរួមក្រុមការងារសម្រុកធ្វើឲ្យរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មប្រពៃណីជាតិចូលមកដល់ ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨លោករស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌនិងលោកយិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់និងពិនិត្យមើលការដាក់ប្រព័ន្ធលូបង្ហរទឹកថ្មី ។ ក្នុងការចុះពិនិត្យនេះដែរលោកអភិបាលរងខណ្ឌបានណែនាំឲ្យក្រុមហ៊ុនដែលទទួលបានសិទ្ធស្ថាបនាប្រព័ន្ធលូរត្រូវអនុវត្តតាមកិច្ចសន្យា ស្ថាបនាស្របទៅតាមបទដ្ឋានបច្ចេកទេសនៃសំណង់ ដើម្បីធានាបាននូវគុណភាពល្អប្រើប្រាស់រយៈពេលយូ ។

បន្ថែមពីលើនេះផងដែរក្នុងនាមរដ្ឋបាលខណ្ឌច្បារអំពៅ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅជាប់ដងផ្លូវជាពិសេសនៅចំណុចដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូនៅចំពីមុខផ្ទះរបស់បងប្អូនសូមបងប្អូនមេត្តាយោគយល់នូវការកក់ស្ទះចរាចររំខានដល់ការរកស៉ីនិងជួយបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារដែលកំពុងតែអនុវត្តគម្រោង មួយផ្នែកទៀតសូម រៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយនិងពិនិត្យមើលគំរបលូនៅមុខផ្ទះរាល់ពេលដែលមានមេឃភ្លៀងធ្លាក់ខ្លាំងនិងសូមជួយសំអាតដើម្បីកុំឲ្យមានសំរាមហូរចូលដល់មាត់លូព្រោះអាចបង្កឲ្យមានការកកស្ទះ ចរន្តទឹកហូរ ៕ សណ្តោស


ចែករំលែក៖