ព័ត៌មានទាន់ហេតុការណ៍៖

គីម ជុងអ៊ុន ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនជាលើកទី៣

ចែករំលែក៖

ក្រោយពេលមានសកម្មភាពខុសប្រក្រតីមិនធ្លាប់មានពីមុនមក គឺផ្ញើផ្កាជូនពរខួប កំណើតមេដឹកនាំចិន ស៊ី ជីនពីង មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១៩ ខែ មិថុនា នឹងបន្តទៅកាន់ប្រទេសចិនជាលើក ទី៣ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី ចិន។

គេហទំព័រ Nikkei Asian Review របស់ជប៉ុនបានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន ត្រូវទៅកាន់ប្រទេសចិននៅថ្ងៃ ទី១៩ ខែមិថុនា ដើម្បីផ្តល់ព័ត៌មានឲ្យ មេដឹកនាំចិន ស៊ី ជីនពីង ពីលទ្ធផលនៃ ជំនួបកំពូលជាមួយអាមេរិកនៅសិង្ហបុរី ក៏ ដូចជាពិភាក្សាពីគម្រោងអនាគតជាបន្តទៀតដែរ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា គ្រប់សកម្មភាពនៃទំនាក់ទំនង ឬលទ្ធ ផលនៃកិច្ចពិភាក្សាមេដឹកនាំកូរ៉េខាងជើង តែងតែរាយការណ៍ជូន «មេធំ» ចិន ក្រោយពេលលោក គីម ជុងអ៊ុន ទទួល ស្គាល់ចិនគឺជាបងធំ ជាអាណាព្យាបាល របស់កូរ៉េខាងជើង។

នេះជាលើកទី៣ហើយដែលមេដឹកនាំកូរ៉េខាងជើងទៅកាន់ប្រទេសចិន ក្នុង រយៈពេល៤ខែ កន្លងមក។ ដំណើរទស្សន កិច្ចលើកទី១ នៅខែមីនា និងលើកទី២ នៅខែឧសភា ហើយលើកទី៣ នៅខែ មិថុនា។

ព័ត៌មានស្តីពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងកើតឡើងចំពេល ដែលអាមេរិក និងកូរ៉េខាងជើងត្រៀមរៀបចំកិច្ចប្រជុំជាន់ខ្ពស់ ដូចអ្វីដែលបាន ប្រកាសនៅក្នុងសេចក្តីប្រកាសរួម ក្នុងកិច្ច ប្រជុំនៅសិង្ហបុរី។ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo បាន បញ្ជាក់ថា លោកនឹងទៅកាន់កូរ៉េខាងជើងនាពេលឆាប់ៗនេះដើម្បីពិភាក្សាអនុវត្ត សេចក្តីប្រកាសរួម៕ ម៉ែវ សាធី


ចែករំលែក៖