ព័ត៌មានទាន់ហេតុការណ៍៖

គីម ជុងអ៊ុន បារម្ភខ្លាចមានរដ្ឋប្រហារ ក្រោយចាកចេញពីប្រទេសយូរថ្ងៃទៅប្រជុំនៅសិង្ហបុរី

ចែករំលែក៖

សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាង ជើង បានផ្សាយថា អនុប្រធានគណបក្ស ពលករកូរ៉េខាងជើង លោកChoe Ryong Hae ដែលជាបុគ្គល ដៃស្តាំរបស់មេដឹក នាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងជំនួស ដឹកនាំប្រទេសពេលលោកគីម ជុងអ៊ុន ទៅកាន់សិង្ហបុរី ជួបជាមួយលោកត្រាំ។

ប្រភពព័ត៌មានជិតស្និទ្ធជាមួយរដ្ឋាភិបាលកូរ៉េខាងជើង បានឲ្យដឹងថា លោក Choe Ryong Hae មានកាតព្វកិច្ចមើលការខុសត្រូវប្រទេសជាតិ រហូតដល់លោកគីម ជុងអ៊ុន វិលត្រឡប់មកពីសិង្ហបុរីវិញ។ រាល់ពេល គីម ជុងអ៊ុន អវត្តមាន លោក Choe Ryong Hae ជាអ្នកដឹកនាំបណ្តោះ អាសន្ន។

សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍ របស់ អាមេរិកបានផ្សាយថា មេដឹកនាំគីម ជុង អ៊ុន មានក្តីបារម្ភខ្លាចមានការធ្វើរដ្ឋប្រហារ ឬ ក៏មានគម្រោងផ្តួលរំលំរូបលោក ពេល អវត្តមាននៅក្នុងប្រទេស ។ ក្រុមអ្នកឯក ទេសបានអះអាងថានៅក្នុងទឹកដីកូរ៉េខាងជើង មានមន្ត្រីយោធា និង យោធាជាច្រើន ក៏ដូចជាពលរដ្ឋមួយចំនួនមិនពេញចិត្តនឹងការដឹកនាំរបស់គីម ជុងអ៊ុន ឡើយ ប៉ុន្តែ មិនហ៊ានចេញមុខប្រឆាំង ខ្លាចត្រូវប្រហារ ជីវិត។

នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន បានទៅដល់ សិង្ហបុរីនៅថ្ងៃទី១០ខែមិថុនា ហើយបានជួបពិភាក្សាទ្វេភាគីជាមួយមេ ដឹកនាំ សិង្ហបុរី ។សារព័ត៌មានស៊ីនហួ បានផ្សាយថា នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិក នាយប់ ថ្ងៃអាទិត្យទី ១០ខែមិថុនា បានទទួលជួប ពិភាក្សាជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

លោក គីម ជុងអ៊ុន បានធ្វើដំណើរមកដល់ទឹកដីនៃប្រទេសសិង្ហបុរី កាលពីរសៀលថ្ងៃអាទិត្យដើម្បីត្រៀមខ្លួនបើកកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តជាមួយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ដែល ត្រូវបាន កំណត់ថា នឹងប្រព្រឹត្តទៅនៅ សណ្ឋាគារ Capella លើកោះ Sentosa របស់សិង្ហបុរី នាព្រឹកថ្ងៃអង្គារ ហើយវានឹងក្លាយជាជំនួបលើកទីមួយពុំធ្លាប់មាន រវាងមេដឹកនាំកូរ៉េខាងជើងនឹងប្រធានាធិបតី អាមេរិក ដែលកំពុងកាន់អំណាច។

អំឡុងពេលបំពេញទស្សនកិច្ចនៅសិង្ហបុរី លោក គីម ត្រូវគេរំពឹងថានឹងស្នាក់នៅសណ្ឋាគារឈ្មោះថា St. Regis ហើយ លោក ត្រាំ នឹងស្នាក់នៅសណ្ឋាគារឈ្មោះ Shangri-La ខណៈលោកប្រធានាធិប តីអាមេរិក ត្រូវគេរំពឹងថានឹងមកដល់ប្រទេសសិង្ហបុរី នាយប់ថ្ងៃអាទិត្យ កន្លងមកនេះ។ លោក ដូណាល់ ត្រាំ ក៏នឹងត្រូវជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរីផងដែរ ប៉ុន្តែវានឹងធ្វើឡើងនៅថ្ងៃចន្ទស្អែក។

ក្នុងឱកាសនៃជំនួបជាមួយនាយករដ្ឋ មន្រ្តីសិង្ហបុរី លោកគីម ជុងអ៊ុន បានបង្ហាញ ក្តីជឿជាក់ថា តួនាទីរបស់សិង្ហបុរី នឹងត្រូវ កត់ត្រាទុកក្នុងប្រវត្តិសាស្រ្តប្រសិនបើកិច្ចប្រជុំកំពូលរបស់កូរ៉េខាងជើង ជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលបានជោគជ័យ។ លោក គីម បានជួបពិភាក្សាគ្នាតែមួយភ្លែតប៉ុណ្ណោះជាមួយនាយករដ្ឋមន្រ្តីលោក Lee Hsien Loong នៅឯវិមានរដ្ឋាភិបាលសិង្ហបុរី Istana ខណៈពេលនេះ លោក គីម បាន ត្រឡប់ទៅកាន់សណ្ឋាគារ St. Regis វិញហើយ។ លោក គីម ត្រូវគេរាយ ការណ៍ថា នឹងចាកចេញពីប្រទេសសិង្ហបុរី នៅវេលាម៉ោង២រសៀលថ្ងៃអង្គារ ក្រោយការបើកកិច្ចប្រជុំកំពូលជាមួយ លោក ដូណាល់ ត្រាំ នៅពេលវេលាព្រឹកម៉ោង៩៕ ម៉ែវ សាធី


ចែករំលែក៖