ព័ត៌មានទាន់ហេតុការណ៍៖

គូប្រជែងខ្លាំងបំផុតរបស់លោកពូទីនត្រូវបានហាមប្រាមចូលរួមបោះឆ្នោត

ចែករំលែក៖

មេដឹកនាំក្រុមប្រឆាំងរុស្ស៊ីលោក Alexei Navalny ត្រូវបានហាមប្រាមជាផ្លូវការនៅក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។

គណៈកម្មាធិការរៀបចំការបោះឆ្នោត រុស្ស៊ី បានបញ្ជាក់ថា លោក Navalny មេដឹកនាំក្រុមប្រឆាំង មិនមានលក្ខណៈ គ្រប់គ្រាន់ ក្នុងការឈរឈ្មោះជាបេក្ខភាព ប្រធានាធិបតីឡើយ ដោយលោកជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ប៉ុន្តែលោក Alexei Navalny បានចាត់ទុកការហាមប្រាមនេះជាសកម្មភាពនយោបាយមានការរៀបចំទុក ។ ប្រតិកម្មចំពោះហេតុការណ៍ខាង លើ មេដឹកនាំក្រុមប្រឆាំង បានអំពាវនាវ ដល់អ្នកគាំទ្រ បោះបង់ការបោះឆ្នោតនៅខែមីនាខាងមុខ។

លោក Alexei Navalnyអាយុ៤១ឆ្នាំត្រូវបានគេចាត់ទុកថាជាបេក្ខភាពតែមួយគត់ ដែលមានសមត្ថភាពក្នុងការប្រជែងតំណែងប្រធានាធិបតីជាមួយលោកពូទីន។

លោក Alexei Navalnyបានប្រកាសថា ក្រោយការសម្រេចខាងលើ យើងនឹងរៀបចំធ្វើមហាបាតុកម្មប្រឆាំង។ ការបោះឆ្នោតដែលយើងមិនបានចូលរួមប្រជែងមិនមែនជាការបោះឆ្នោត ពិតប្រាកដ មានតម្លាភាពនោះឡើយ។មេដឹកនាំក្រុមប្រឆាំងបាន ប្រកាសថានឹងដឹកនាំមហាបាតុកម្មនៅទូទាំងប្រទេស។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹង អំពើពុករលួយ និងការធ្វើមហាបាតុកម្ម ប្រឆាំងលោកពូទីន លោក Alexei Navalnyត្រូវបានកាត់ទោសជាប់ពន្ធនាគារ រយៈ ពេល៥ឆ្នាំពីបទពុករលួយ។

លោកស្រី Ella Pamfilova ប្រធាន គណៈកម្មាធិការរៀបចំការបោះឆ្នោត បាន បញ្ជាក់ថា ស្ថាប័ននេះអនុវត្តទៅតាមផ្លូវ ច្បាប់ ក្នុងការច្រានចោលបេក្ខភាពប្រធានាធិបតីរបស់លោក Alexei Navalny។ សមា ជិក ១២រូបក្នុងចំណោម១៣រូបរបស់គណៈ កម្មាធិការរៀបចំការបោះឆ្នោត បានបដិ សេធទៅនឹងបេក្ខភាពរបស់លោក Alexei Navalny ចំណែក១សន្លឹកទៀត គឺអនុ បវាទ។ទាំងនោះមានន័យថា គណៈកម្មា ធិការ បានសម្រេចជាឯកច្ឆន មិនអនុញ្ញាត ឲ្យលោក Alexei Navalnyឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោតខាងមុខនោះឡើយ។

លោក Alexei Navalnyបានបញ្ជាក់ថា សកម្មភាពខាងលើគឺដើម្បីរារាំងលោក ។ ការមិនអនុញ្ញាតឲ្យលោកឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី មានន័យថា បានច្រានចោលសន្លឹកឆ្នោតរបស់ពលរដ្ឋរាប់លានសន្លឹក។ លោកប្រកាសថានឹងបន្តតវ៉ាឡើងទៅកាន់តុលាការធម្មនុញ្ញរុស្ស៊ីលើបញ្ហានេះ។

ជាមួយគ្នានេះលោកពូទីនបានប្រកាសឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី អាណត្តិទី៤ ដើម្បីក្លាយជាមេដឹកនាំយូរ ជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររុស្ស៊ី ចាប់តាំងពីជំនាន់លោក Joseph Stalin ។ មកទល់ពេលនេះលោកពូទីននៅតែទទួលបានការគាំទ្រយ៉ាងច្រើនពីពលរដ្ឋ ហើយលោកមានសង្ឃឹមទទួលបានជ័យជម្នះជាបន្តទៀតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ៕ ម៉ែវ សាធី

មេដឹកនាំក្រុមប្រឆាំងរុស្ស៊ីលោក Alexei Navalny


ចែករំលែក៖