ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យអាសូណាស់! ប្តីស្លាប់នៅកន្លែងកើតហេតុ ប្រពន្ធ និងកូនប្រុសតូចរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីជាពន្ធ និងកូនប្រុសតូចវ័យ៥ឆ្នាំរងបួសធ្ងន់ រីឯប្តីបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឲ្យអាសូរបំផុត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នៅ វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ ជាតិលេខ៣ ត្រង់ចំណុចទល់មុខកងវិស្វកម្មយោធា ស្ថិតក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលជនរងគ្រោះចេញពីការងារ នៅការដ្ឋានសំណង់ ហើយជិះម៉ូតូឌុបគ្នាទៅផ្ទះ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថ យន្តបង្កហេតុបើកបរពីជើងមកត្បូង រីឯជនរងគ្រោះជិះម៉ូតូឌុបគ្នាពីត្បូងទៅជើង ហើយលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានជ្រុលចង្កូតទៅបុកជនរងគ្រោះជិះម៉ូតូចំពីមុខពេញទំហឹងតែម្តង បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកើតហេតុ និង២នាក់រងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកទៅជួយសង្គ្រោះនៅគ្លីនិកឯកជន។

ភ្លាមៗនោះ គេឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុផងដែរ។ សមត្ថកិច្ចបានប្រាប់ថា បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ ឡៃ សុបញ្ញា អាយុ៣៣ឆ្នាំ ជាកម្មករសំណង់ បានស្លាប់ភា្លមនៅកន្លែងកើតហេតុ(ប្តី)។ ចំណែកស្ត្រីរងរបួសឈ្មោះ ហុង លក្ខិណា អាយុ៣៨ឆ្នាំ និងកូនប្រុសតូចឈ្មោះ សម្ភស្ស លីហេង អាយុ៥ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខONG200 1-807ធ្វើដំណើរពីត្បូង។ ដោយឡែករថយន្ត បង្កហេតុម៉ាកកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AJ-1529ធ្វើដំ ណើរពីជើងទៅត្បូងបញ្ច្រាស់ទិសគ្នានឹងម៉ូតូ ហើយរថយន្តបង្កហេតុនេះបើកបរដោយឈ្មោះ ជ័រ ធាន ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិចិន(ចាប់ខ្លួន)។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា ម្ចាស់រថយន្តបង្កហេតុជនជាតិនោះស្រវឹងជោគជាំ សូម្បីតែអង្គុយក៏ងោកដែរនិយាយស្តាប់គ្នាមិនបានទេ។ ក្រោយពីធ្វើការវាស់វែងដោយមន្ត្រីចរាចរណ៍ជំនាញឃើញថារថយន្តបានបើកចូលស្តាំដៃម៉ូតូនិងបុកចំពីមុខរថយន្តតែម្តងបណ្តាលស្លាប់ និងរងរបួសធ្ងន់។ ម្យ៉ាងអ្នកបើកបរជនជាតិចិនបំពានច្បាប់ចរាចរណ៍ បើកបរទាំងស្រវឹង ហើយក្រោយពីវាស់វែងរួចបានប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់។ ចំណែកសាកសពក៏ បានប្រគល់ឲ្យសាច់ញាតិគ្រួសារ នៃសពដឹកយកលំនៅឋានធ្វើបុណ្យតាមប្រពៃណី ហើយស្ត្រីរងគ្រោះនិងកូនកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ៕ តាឡឹម

 


ចែករំលែក៖