ព័ត៌មានទាន់ហេតុការណ៍៖

គោក្របីទាំងតូចទាំងធំត្រូវបានក្រុមហ៊ុនអង្គរសុខសារិទ្ធមានជ័យនាំទៅលក់នៅវៀតណាមលើសច្បាប់អនុញ្ញាត

ចែករំលែក៖

ខេត្តព្រៃវែង៖ សត្វគោក្របីរាប់ម៉ឺនក្បាលក្នុង១ខែៗមានទាំងកូនទាំងមេត្រូវបាន ក្រុមហ៊ុនរបស់លោកឧកញ៉ា ជឹម សុខ នាំចេញទៅលក់នៅប្រទេសវៀតណាមលើស លិខិតអនុញ្ញាតច្រើនទ្វេដង ។

ប្រភពបានឲ្យដឹងថា ការនាំចេញសត្វ ពាហនៈនេះត្រូវបានក្រុមហ៊ុនអង្គរសុខ សារិទ្ធមានជ័យដែលមានលោកឧកញ៉ា ជឹម សុខ ជាប្រធានទទួលសិទ្ធិផ្ដាច់មុខពី រដ្ឋាភិបាលក្នុងការនាំចេញសត្វគោក្របីដែលអស់កម្លាំងពលកម្មទៅលក់នៅប្រទេសថៃ ឬវៀតណាម ។

ប្រភពបានបញ្ជាក់ថា រាល់ការនាំចេញសត្វពាហនៈរបស់ក្រុមហ៊ុនមួយនេះគឺ លើសកំណត់ចាប់ពី៧០ទៅ៨០ភាគរយនៃច្បាប់ដែលអាចធ្វើឲ្យក្រុមហ៊ុនចំណេញក្នុងមួយថ្ងៃចាប់ពី៤០លានរៀលដល់៥០លានរៀលសម្រាប់ឆ្នាំមុនៗ។ បច្ចុប្បន្នការរកស៊ីមិនសូវចំណេញដូចមុនទេ ខណៈមួយថ្ងៃក្រុមហ៊ុនអាចរកប្រាក់ចំណេញបានតែ៨លានរៀលដល់១២លានរៀលប៉ុណ្ណោះព្រោះក្រុមហ៊ុនអង្គរសុខសារិទ្ធមានជ័យនេះមានអ្នកចូលភាគហ៊ុនដល់ទៅ៤នាក់ ឯណោះ។ រាល់ការចំណេញគេត្រូវបែង ចែក ជា៤ភាគហ៊ុន ក្នុងនោះលោកឧកញ៉ា ជឹម សុខ មានភាគហ៊ុនច្រើនជាងគេដល់ទៅ៤០ភាគរយ ។

ប្រភពបានលើកឡើងទៀតថា ក្រុមហ៊ុន អង្គរសុខសារិទ្ធមានជ័យបាននាំសត្វគោក្របីតូចៗនិងធំពេញកម្លាំងពលកម្មយកទៅលក់ឲ្យវៀតណាមតាមច្រកតំបន់ស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាប្រចាំ ។

ទង្វើបែបនេះផ្ទុយពីគោលការណ៍ច្បាប់ ដែលតម្រូវឲ្យមានការនាំចេញសត្វគោក្របីណាដែលចាស់ជរាអស់កម្លាំងពលកម្ម អូសទាញប៉ុណ្ណោះ។ សព្វថ្ងៃក្រុមហ៊ុនមួយនេះបានទទួលការនាំចេញសត្វគោក្របីទៅប្រទេសជិតខាងក្នុងមួយឆមាសរយៈពេល៤ខែចំនួន៥.០០០ក្បាល ដោយនាំ ចេញតាមច្រកទ្វារផ្សេងៗក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ និង វៀតណាម។ ក្នុងនោះសម្រាប់ច្រកស្វាយ អាង៉ោងគេបានបែងចែកឲ្យក្រុមហ៊ុនខាង លើនាំចេញសត្វគោក្របីក្នុង១ខែចំនួនតែ៥០០ក្បាលទៅ៧០០ក្បាលប៉ុណ្ណោះ សម្រាប់គោក្របីណាដែលអស់ពលកម្ម។ ផ្ទុយទៅវិញភាគីក្រុមហ៊ុនអង្គរសុខសារិទ្ធ មានជ័យបានបំពានច្បាប់ដោយនាំចេញ កូនគោក្របីទាំងតូចទាំងធំតាមច្រកស្វាយអាង៉ោងក្នុងមួយថ្ងៃៗជិត១.០០០ក្បាល សម្រាប់ខែមុនៗ។ តែបច្ចុប្បន្នគេនាំចេញក្នុងមួយថ្ងៃ៣០០ក្បាលទៅ៤០០ក្បាល សរុបក្នុង១ខែជាង១ម៉ឺនក្បាល ខណៈច្បាប់អនុញ្ញាតឲ្យនាំចេញតែ៧០០ក្បាល ។

ក្នុងនោះគេនាំចេញគោក្របីតែ២ថ្ងៃស្មើច្បាប់អនុញ្ញាត១ខែបាត់ទៅហើយ ដូច្នេះ គេចំណេញបាន២៨ថ្ងៃទៀត។ មិនតែ ប៉ុណ្ណោះឈ្មួញទាំងអស់ដែលយកសត្វគោក្របីមកលក់ឲ្យជនជាតិវៀតណាមតាម ច្រកស្វាយអាង៉ោងនេះគឺក្រុមហ៊ុនអង្គរ សុខសារិទ្ធមានជ័យដែលទទួលសិទ្ធិផ្ដាច់មុខតម្រូវឲ្យឈ្មួញទាំងនោះបង់លុយឲ្យ ក្រុមហ៊ុនក្នុង១ក្បាល៤ម៉ឺនរៀលជាប្រភេទកូនគោក្របីតែបើពេញវ័យ១ក្បាល៦ម៉ឺនរៀលសម្រាប់គោក្របីណាធំធាត់១ក្បាលបង់១២ម៉ឺនរៀល និងបង់បេនអស់៥.០០០ រៀលទៀតក្នុង១ក្បាល ។

ឆ្លើយតបនឹងការលើកឡើងខាងលើ លោក ខុម មេការក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនខាតគឺរកស៊ីមិន ចំណេញទេ ។

ចំណែកលោក ចិន វិសាល ប្រធានការិយាល័យពសុព្យាបាលសត្វនៃមន្ទីរកសិ កម្មខេត្តព្រៃវែងទទួលទូរស័ព្ទហើយពេលអ្នកព័ត៌មានសួរករណីខាងលើលោកថា ជាប់ប្រជុំ ។

ចំពោះលោក ឡោ រស្មី អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពុំអាចសុំការបកស្រាយបានទេព្រោះទូរស័ព្ទចូលតែលោកមិនទទួល ៕ ហេង សូរិយា


ចែករំលែក៖