ព័ត៌មានទាន់ហេតុការណ៍៖

គោដើរឆ្លងផ្លូវ បើកម៉ូតូមកបុកពេញទំហឹង ស្លាប់បុរសម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីបើកម៉ូតូក្នុងល្បឿនយ៉ាងលឿនបុកគោមួយក្បាលដែលដើរឆ្លងថ្នល់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១CI -២៦១៤ ធ្វើដំណើរពីជើងទៅត្បូង ដែលបើកក្នុងល្បឿនយ៉ាលឿន នៅពេលមកដល់ចំណុចកើតហេតុ ក៍មានសត្វគោ១ក្បាលបានដើរចេញពីមាត់ប្រឡាយក្បែរផ្លូវជាតិ ដើរឆ្លងផ្លូវក៍បណ្តាលឲ្យជនរងគ្រោះបើកម៉ូតូបុកគោពេញមួយទំហឹងតែម្តង ហើយបានដួលបោកក្បាលទៅនឹងផ្លូវរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ត្រូវបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក បណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះនៅឡើយទេ នៅពេលនេះសមត្ថកិច្ចសូមអំពាវនាវដល់ក្រុមគ្រួសារដែលបាត់សាច់ញាតិមកទំនាក់ទំនងសមត្ថកិច្ចនៅស្រុករលាប្អៀរ ៕ ចន្ថា


ចែករំលែក៖