ព័ត៌មានទាន់ហេតុការណ៍៖

គោយន្ដកែច្នៃក្រឡាប់ផ្ងារជើងបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ ស្រាល៧នាក់

ចែករំលែក៖

ខេត្តកំពង់ធំៈ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ និងរបួសធ្ងន់០៦នាក់ និងស្រាលម្នាក់ កាលពីវេលាម៉ោង១៥ និង២៧នាទី ថ្ងៃសៅរ៍ ៣កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវឡើងវត្តសុធារោរ័ត្ននារាម ហៅវត្តស្រះខ្ចៅ ភូមិអូរកោះគគីរ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

គោយន្ដកែច្នៃ បើកបរដោយឈ្មោះ ហ៊ិនម៉ូវ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិមានាវ សង្កាត់ស្រយ៉ូវ ស្រុកសន្ទុក ខេត្តកំពង់ធំ របួសស្រាល រត់គេចខ្លួន ។

អ្នករួមដំណើរលើគោយន្ដកែច្នៃចំនួន៧នាក់ ១- ឈ្មោះ ឈុំ ស៊ីម ភេទប្រុស អាយុ៧០ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យឯកជន៥១៥ កំពង់ធំ)(ត្រូវជាឱពុកក្មេកអ្នកបើកបរគោយន្តកែច្នៃ)។ ២-ឈ្មោះ ព្រំ.ណាត ភេទស្រី អាយុ៦០ឆ្នាំ(របួសធ្ងន់)។ ៣-ឈ្មោះជុំ.គាម ភេទស្រី អាយុ៦១ឆ្នាំ (របួសធ្ងន់)។ ៤-ឈ្មោះ ធាយ.យេន ភេទស្រី អាយុ៧៦ឆ្នាំ (របួសធ្ងន់)។ ៥-ឈ្មោះ ឃុយ.ណាន់ ភេទប្រុស អាយុ៥៦ឆ្នាំ (របួសធ្ងន់)។ ៦-ឈ្មោះ តុប.ថាវ ភេទស្រី អាយុ៧២ឆ្នាំ (របួសធ្ងន់)។ ៧-ឈ្មោះ ទិត.គីន ភេទស្រី អាយុ៧៣ឆ្នាំ (របួសធ្ងន់)។ អ្នកទាំង០៧ នាក់ រស់នៅភូមិមានាវ សង្កាត់ស្រយ៉ូវ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

មូលហេតុដោយសារគោយន្តកែច្នៃចាប់ហ្វ្រាំងមិនជាប់ ហើយរអិលចុះពីជម្រាលផ្លូវឡើងភ្នំវត្តស្រះខ្ចៅ បណ្តាលឲ្យគោយន្ដកែច្នៃក្រឡាប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកសាកសពប្រគល់ឲ្យសាចញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖