ព័ត៌មានទាន់ហេតុការណ៍៖

គោលនយោបាយរបស់ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងចំពោះកូរ៉េខាងជើងបង្កក្តីបារម្ភដល់អាមេរិកនិងជប៉ុន

ចែករំលែក៖

លោកMoon Jae In ចង់ពិភាក្សា និង បង្កើនទំនាក់ទំនងការបរទេស សេដ្ឋកិច្ច ជាមួយកូរ៉េខាងជើង។ អ្វីដែលសំខាន់នោះគឺលោកចង់ដឹកនាំផ្ទាល់នៅក្នុងការដោះស្រាយវិបត្តិជាមួយកូរ៉េខាងជើង គឺដើរ ផ្ទុយពីគោលជំហររបស់អាមេរិកទៅលើ កូរ៉េខាងជើង។

តាមការប្រកាសរបស់ក្រុមអ្នកឯកទេស វិភាគ បញ្ជាក់ថា ការជាប់ឆ្នោតរបស់ លោក Moon Jae In និងគោលនយោបាយ ដឹកនាំរបស់លោកអាចធ្វើឲ្យអាមេរិកនិង កូរ៉េខាងត្បូង មានវិវាទនឹងគ្នាក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើង។ ដូចកាលពី ប្រធានាធិបតីហ្វុីលីពីន លោក ឌុយទែរតេ ឡើងកាន់តំណែង ដែលមានគោលនយោបាយផ្ទុយពីប្រធានាធិបតីមុន ធ្វើឲ្យសម្ពន្ធ មិត្ត រវាងអាមេរិកនឹងហ្វុីលីពីន ដែលមាន រយៈពេលរាប់សិបឆ្នាំមកនេះត្រូវបែកបាក់ ។ តើកូរ៉េខាងត្បូង កំពុងតែដើរតាមផ្លូវនោះ ឬ?

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានដកស្រង់សម្តីអ្នកនាំពាក្យ សេត វិមាន លោក Sean Spicer មកបញ្ជាក់ថា ប្រធានាធិបតីត្រាំចង់ជួបពិភាក្សាជាមួយប្រធានាធិបតីថ្មីកូរ៉េខាងត្បូង Moon Jae In ទៅលើបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់នាពេលកន្លងមក។ អ្នកនាំពាក្យសេតវិមានបញ្ជាក់ទៀតថា លោករង់ចាំប្រទេស ទាំងពីរអាមេរិក-កូរ៉េខាងត្បូង បន្តសហការ គ្នា បង្កើនទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធថែមទៀត។

Moon Jae In កំពុងតែស្វែងរកវិធីសាស្ត្រ ដឹកនាំថ្មី កំណត់គោលដៅថ្មីរបស់កូរ៉េ ខាងត្បូង ពិសេសគឺការដោះស្រាយបញ្ហាកូរ៉េខាងជើង ។ នៅក្នុងពេលឃោសនាបោះ ឆ្នោត លោក Moon Jae In បញ្ជាក់ថា «យើងចាំបាច់ត្រូវតែធ្វើជាម្ចាស់ ក្នុងការ ដោះស្រាយបញ្ហា វិវាទជាមួយកូរ៉េខាងជើង។ សម្ពន្ធមិត្តអាមេរិកដើរតួនាទីគាំទ្រការ សម្រេចរបស់យើង ក្នុងការរកសំណោះស្រាយជាមួយប្រទេសជិតខាង កូរ៉េខាង ជើង»។

ចំណែកសារព័ត៌មាន Tokyo Shimbun របស់ជប៉ុន បានផ្សាយថា លោក Moon Jae In បានប្រកាសដោយបើកចំហពី គម្រោង សហប្រតិបត្តិការលើផ្នែកសេដ្ឋ កិច្ចជាមួយកូរ៉េខាងជើង។

នៅពេលនេះដែរ ប្រសិនបើរដ្ឋាភិបាលថ្មីកូរ៉េខាងត្បូង ចាប់ផ្តើមសហការសេដ្ឋកិច្ច ជាមួយកូរ៉េខាងជើងដូចជា ដំណើរការ តំបន់ឧស្សាហកម្ម Kaesong ដែលជាតំបន់ «មាន់ពងចេញមាស»របស់កូរ៉េខាងជើង នឹងធ្វើឲ្យការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើកូរ៉េខាងជើងពីសហគមន៍អន្តរជាតិត្រូវថយចុះ និងជាការបំបែកជញ្ជាំងឡោមព័ទ្ធសេដ្ឋកិច្ចរបស់កូរ៉េខាងជើង៕ ម៉ែវ សាធី


ចែករំលែក៖