ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារ រងគ្រោះដោយអគ្គិភ័យ និងចាស់ជរាគ្មានទីពឹង ទទួលអំណោយពីសប្បុរសជនថ្ងៃតែមួយ

ចែករំលែក៖

ប៉ោយប៉ែត៖ ដើម្បីចែករំលែកដល់ជនទីទាល់ក្រ ក្នុងគ្រោះថ្នាក់ដោយប្រការផ្សេងៗនោះ គ្រួសារចាស់ជរាគ្មានទីពឹង និងគ្រួសារដែលត្រូវអគ្គិភ័យបំផ្លាញផ្ទះ ក្លាយជាផេះ ឋិតនៅចំណុច៦៧១ ភូមិប្រាសាទក្នុង ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា របស់នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត និងក្រុមហ៊ុនអចលនទ្រព្យហ៊ុលសេងហាប់ ។

គ្រួសារអគ្គិភ័យឆាប ឆេះ ផ្ទះខាងលើ ប្តីឈ្មោះ អិន ឆាយ អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះ សឿន ណាប់ អាយុ៥៨ឆ្នាំ ចិញ្ចឹមចៅប្រុសស្រី៤នាក់ក្ហុងបន្ទុកផងដែរ ។

គ្រួសារនេះ ទទួលបានអង្ករចំនួន៣ការ៉ុង ស្មើ និង១៥០គីឡូក្រាម មី២កេះ ត្រីខ៥យួរ ទឹកត្រី៣យួរ ទឹកស៊ីអ៊ីវ៣យួរ កៅស៊ូតង់១ និងថវិកាចំនួន៧០ម៉ឺនរៀល និង១៤០$ ។

ខណៈក្រុមការងារទៅ ដល់ចំណុចកើតហេតុ មើលឃើញពីទុក្ខលំបាក របស់គ្រួសារមួយទៀត ២នាក់ប្តី ប្រពន្ធជាចាស់ជរា គ្មានទីពឹង (គ្មានកូន) រស់នៅក្នុងខ្ទមតូចមួយ រស់អាស្រ័យអ្នក ស្រុកផ្តល់បាយទឹក ក្រុមការងារនេះ ក៏បានរៃអង្គាសប្រាក់គ្នា បន្ថែមជួយបានថវិកា ចំនួន315000រៀល(សាមសិបមួយម៉ឺនប្រាំពាន់រៀល) និងប្រាក់ថៃ1500បាត និងទឹកផ្លៃឈើ1កេះ ។

គួរបញ្ជាក់ថា គ្រួសាររងគ្រោះ អគ្គិភ័យគឺបង្កឡើងដោយម្ចាស់ផ្ទះខ្លួនឯង ដុតសំរាមចោលរវល់ទៅ រែកទឹក ដឹងអីភ្លើងនោះរាលឆេះផ្ទះអស់តែម្តង កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ។

នៅក្នុងឱកាសនោះដែរ លោក ជួន សារី នាយរង ប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏បានផ្តាំផ្ញើផងដែរ ដល់គ្រួសាររងគ្រោះខាងលើ ក៏ដូចពលរដ្ឋទូទៅឲ្យ មានការប្រុងប្រយត្ន័ក្នុងរដូវក្ដៅនេះ ចំពោះអគ្គិភ័យ សួមកុំឲ្យកើត ដោយយថាហេតុទៀត ៕ វណ្ណា


ចែករំលែក៖