ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងចក្រ៥គ្រឿង ដែលសមត្ថកិច្ចបង្រ្កាបនៅតំបន់ព្រែកអូរត្រេះមកទល់ពេលនេះនៅមិនទាន់មានចំណាត់ការនៅឡើយ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ គ្រឿងចក្រចំនួន៥ ដែលជាប់ព័ន្ធនឹងការឈូសឆាយបំផ្លាញព្រៃលិចទឹកនៅតំបន់ព្រែកអូរត្រេះ ក្នុងឃុំ បិតត្រាង ស្រុកព្រៃនប់ ហើយត្រូវបាន លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ​បញ្ជាឲ្យ មន្ត្រីជំនាញ ជលផល មន្ត្រីបរិស្ថាននិងកម្លាំងសមត្ថកិច្ច ចុះទៅបង្ក្រាបកាល ពីសប្តាហ៍ មុនរហូតមកដល់ពេលនេះ នៅ មិនទាន់មានចំណាត់ការផ្លូវច្បាប់នៅ ឡើយ។

មន្ត្រីជលផល ខេត្តព្រះសីហនុបាន បញ្ជាក់ថា កំណត់ហេតុនៃបទល្មើសក្នុង ពេលចុះចាប់គ្រឿងចក្រខាងលើនេះត្រូវ បានរៀបចំតាមផ្លូវច្បាប់រួចហើយ គឺនៅតែ ការសម្រេចរបស់ថ្នាក់ដឹកខេត្តប៉ុណ្ណោះ ដោយបញ្ហានេះ បើនិយាយពីផ្លូវច្បាប់គឺយើងអាចដាក់បន្ទុកបទល្មើសបានគ្រប់ គ្រាន់ ពីព្រោះចាប់ក្នុងសកម្មភាពជាក់ ស្តែង ខណៈពេលកំពុងឈូសឆាយដីនិង ព្រៃលិចទឹកដែលជាធនធានធម្មជាតិ របស់រដ្ឋ។

មន្ត្រីសាលាស្រុកព្រៃនប់ពាក់ព័ន្ធនឹងគ្រឿងចក្រខាងលើនេះ បានធ្វើការបញ្ជាក់ ផងដែរថា ចំពោះក្រុមហ៊ុន ឬម្ចាស់គ្រឿង ចក្រខាងលើនេះដូចជាគ្មានអ្វីដែលត្រូវ និយាយ ឬចរចានោះទេ ពីព្រោះអ្វីដែល គេធ្វើគឺ ឈូសឆាយបំផ្លាញព្រៃលិចទឹកនិង ដីចំណីព្រែកដែលជាសម្បត្តិសាធារណៈ របស់រដ្ឋជារឿងខុសច្បាប់ទាំងស្រុងហើយ ។

ពាក់ព័ន្ធទៅនឹងអ្វីដែលភាគីម្ចាស់គ្រឿងចក្រអះអាងថា ខ្លូនមានច្បាប់អនុញ្ញាត (សជណ)ពីសាលាខេត្តព្រះសីហនុតម្រូវ ឲ្យធ្វើការឈូសឆាយព្រៃលិចទឹកនោះ វាគ្រាន់តែជាលេសទេ ពីព្រោះ ជាធម្មតា អាជ្ញាធរខេត្តមុននឹងសម្រេចចេញ(សជណ) មួយៗសុទ្ធសឹងមានការពិនិត្យច្បាស់លាស់ ខ្លាំងណាស់ គឺអនុញាតឲ្យធ្វើតែនៅលើដី ដែលមានកម្មសិទ្ធិរបស់ក្រុមហ៊ុនប៉ុណ្ណោះ មិនមែនចេញ(សជណ)មកឲ្យរំលោភ បំពានលើដីព្រៃលិចទឹកនោះឡើយ ហើយអ្វីដែលជាការកត់សម្គាល់បំផុតនោះគឺគ្រប់(សជណ)ទាំងអស់មិនមែនចេញមក តម្រូវឲ្យម្ចាស់ស្នើសុំធ្វើការឈូសឆាយ ភ្លាមៗនោះទេ គឺត្រូវធ្វើការសហការជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធដូចជាអាជ្ញាធរដែនដីមន្ត្រីជំនាញ ជលផល បរិស្ថាន មន្ត្រី មន្ទីររៀបចំដែនដីនគរូបនីយកម្ម ដើម្បីឲ្យ ប្រាកដថា ទីតាំងដែលស្នើសុំនោះ ជាដីមិនមានការពាក់ព័ន្ធព្រៃលិចទឹក ឬដីចំណី ព្រែក ប៉ុន្តែ ក្រុមហ៊ុន គ្រឿងចក្រខាងលើនេះ មិនអនុ វត្តន៍នូវខ្លឹមសារ (សជណ)របស់​ខេត្តនោះទេ បែរជាមកធ្វើការឈូសឆាយ​ឆៅៗ តែម្តងបំផ្លាញអស់ព្រៃលិចទឹកគ្មាន សល់ ទើបមានរឿងធំបែបនេះ។

ជាមួយគ្នានេះមន្ត្រីស្រុកព្រៃ នប់ដដែល បានធ្វើការណូមពរទៅដល់ថ្នាក់ដឹកនាំ​ខេត្តថា បញ្ហានេះមិនគួរពន្យារពេលអនុវត្ត​​ច្បាប់នោះទេ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវដើម្បីឲ្យប្រាកដថា ច្បាប់គឺច្បាប់មិនអាច​នរណា ម្នាក់បំពាននោះទេ ទោះជាអ្នកនោះ​ជាអ្នកមានអំណាចមានលុយក៏ដោយ ៕ សហការី


ចែករំលែក៖