ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនដល់កម្រិត បុរសម្នាក់អុកឡុកអ្នកភូមិ នគរបាលចាប់បញ្ជូនទៅសង្គមកិច្ច

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ដោយសារតែប្រើប្រាស់គ្រឿងញៀនដល់កម្រិតហើយបានបង្កហិង្សាអុកឡុកអ្នកភូមិ​ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង៣រសៀល ថ្ងៃ​ពុធ​ ៤កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ពស ​២៥៦២​ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨​ ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ជនបង្កដែលអុកឡុកអ្នកភូមិនោះមានឈ្មោះ​ សុខ​ សូវុត្ថ​ ភេទប្រុស អាយុ៣២ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ​ ស្នាក់នៅ ក្នុងភូមិជម្ពូវ័ន្ត​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើតនៅ​ ភូមិគោកដូង​ ស្រុកកោះអណ្តែត​ ខេត្តតាកែវ​ ។

សមត្ថកិច្ចបានអោយដឹងថា​ ជនបង្កខាងលើនេះជាមនុស្សញៀនថ្នាំ​ កន្លងមកតែងតែអុកឡុកអ្នកភូមិច្រើនលើកច្រើនសារមកហើយ​ រហូតមកដល់ពេលនេះអ្នកភូមិទ្រាំលែងបានទើបរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួនជនបង្កខាងលើសមត្ថកិច្ចបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីធ្វើសំណុំឯកសារអោយសង្កាត់ទំនាក់ទំនងទៅមន្ទីរសង្គមកិច្ចដើម្បីកែប្រែ៕ សុខាសែនជ័យ


ចែករំលែក៖