ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូរបួសធ្ងន់ស្រាល ៦នាក់ នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ថ្ងៃទី២២ និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ យ៉ាងហោចមានមនុស្សចំនួន ៦នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា រវាងម៉ូតូ នឹងម៉ូតូ នៅស្រុកបាកាន និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីនគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរស្រុកបាកានបានឲ្យដឹងថា កាលពីរសៀលថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូកៅស៊ូ ស្ថិតក្នុងភូមិអង្កាញ់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានអ្នកបើកបរម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1T 2345 ឈ្មោះ អ៊ុំ សុខហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ធ្វើចរាចរណ៍ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានបុកជាមួយអ្នកជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា សេ១១០ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ គ្មានស្លាកលេខ បណ្ដាលឲ្យរបួសធ្ងន់ទាំងសង់ខាង។

ដោយឡែក៖ នៅវេលាម៉ោង៦ និង១៥នាទី ល្ងាចថ្ងៃទី២៣ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិព្រែកក្របែក ឃុំកញ្ជរ ស្រុកកណ្ដៀងវិញ ត្រូវបាននគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរស្រុកប្រាប់ឲ្យដឹងដែរថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយបុរសឈ្មោះ បុិន ទ្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានឌុបក្មេងអាយុ ៤ឆ្នាំម្នាក់ ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង ដោយម៉ូតូ ១គ្រឿងដែល(នគរបាលមិនបានបញ្ជាក់អំពីភិនភាគម៉ូតូនោះ) លុះមកដល់ចំណុចកើតហេតុបានបុកជាមួយអ្នកជិះម៉ូតូ ១គ្រឿង(ដែលគេមិនបានបញ្ជាក់អំពីភិនភាគម៉ូតូដែរនោះ) បណ្ដាលឲ្យភាគ្គីទាំងសង់ខាងរងរបួសធ្ងន់ស្រាលដូចគ្នាសរុបចំនួន ៤នាក់ ខណៈដែលកំពុងធ្វើចរាចរណ៍ក្នុងទិសដៅបញ្រ្ចាសគ្នា។

ប្រភពព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ទាំង២លើកខាងលើ បណ្ដាលឲ្យមានមនុស្សរហូតដល់ទៅចំនួន ៦នាក់បានរងរបួសធ្ងន់ស្រាល បានចាត់ចែងបញ្ជូនទៅសង្រ្គោះភ្លាមៗរួចរាល់ ចំណែកវត្ថុតាងម៉ូតូសមត្តកិច្ចនគរបាលបានយកទៅរក្សាទុក ជាបណ្ដោះអាសន្នរង់ចាំវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖