ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ឡានបុកម៉ូតូនៅខណ្ឌសែនសុខស្លាប់បុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធមួយបណ្តាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក ម៉ាស្តាបើកទៅបុកម៉ូតូពេញទំហឹងកៀបជាប់ក្រោមរថយន្តអូសជាច្រើនម៉ែត្រ ហើយម៉ូតូជនរងគ្រោះខ្ទាតចេញពីរថយន្តផ្ទុះឆេះអស់ ចំណែករថយន្តបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ដ៏រន្ធតនេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរឹទ្ធីកែងនឹងផ្លូវភ្នំពេញ ហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលបានបាត់បង់ជីវិត ឈ្មោះ ទ្រី សីហា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល ម្តុំវត្តញាណរង្សី ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-2244 ដោយទើបតែជិះចេញមកពីផ្ទះនៅម្តុំវត្តញាណរង្សី បំណងជិះទៅយកសង្សារចេញពីធ្វើការនៅខារ៉ាអូខេចំការននូង នៅម្តុំផ្សារឈូកមាស ហើយបានធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរឹទ្ធី ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏បានជិះឆ្លង់កាត់ផ្លូវហាណូយ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក ម៉ាស្តាដា ពណ៌ខ្មៅ ជាប្រភេទរថយន្តមួយបាំងកន្លះ អត់ចាំស្លាកលេខ ដែលបើកបរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿនដូចហោះ ក៏ជ្រុលទៅបុកម៉ូតូចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យម៉ូតូកៀបជាប់ក្រោយរថយន្ត ចំណែកឯបុរសដែលអ្នក់បើកបរម៉ូតូរងរបួសធ្ងន់។

ភ្លាមនោះរថយន្តបង្កមិនបានឈប់ចុះមកឃើញជនរងគ្រោះនោះទេ គឺបានព្យាយាមបើករត់គេចខ្លួនទាំងកៀបម៉ូតូជាប់ក្រោមរថយន្តអូបែកផ្កាភ្លើងពេញផ្លូវជាច្រើនម៉ែត្រ បណ្តាលឲ្យម៉ូតូឆេះខ្ទាតចេញពីរថយន្តរងការខូចខាតទាំងស្រុង ចំណែកឯរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់មក មានរថយន្តសង្គ្រោះបន្ទាន់បានមកដឹងជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត តែជាអកុសល ខណៈដែលកំពុងតែដឹកទៅតាមផ្លូវ បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ហើយរថយន្តសង្គ្រោះបន្ទាន់ ក៏បានដឹកសពបុរសរងគ្រោះយកមកកន្លែងកើតហេតុវិញ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំសាច់ញាតិមកទួលយកត្រឡប់ទៅវិញនៅពេលក្រោយ។

ដោយឡែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តព្រៃវែងដែលជាស្រុកកំណើត៕ តុង សីហា


ចែករំលែក៖