ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់ នៅក្នុងរដ្ឋ ផ្ល័រីដា​ អាមេរិក​

ចែករំលែក៖

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើដងផ្លូវល្បឿនលឿន ក្នុងរដ្ឋផ្ល័រីដា អាមេរិក​ បណ្តាលឲ្យរថយន្តផ្ទុះឆេះ​ សម្លាប់មនុស្ស ៦នាក់ និង របួស ៨នាក់ ក្រៅពីនេះមានរថយន្តជាច្រើនគ្រឿងទៀតខូចខាតដោយការបុកបន្តកន្ទុយគ្នា ។

មន្ត្រីសន្តិសុខនៅក្នុងតំបន់​បាន និយាយថា មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីហេតុការណ៍រថយន្តបុកគ្នា ខ្ចាយប្រេងទៅលើផ្លូវហាយវ៉េ ហើយបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្តងកាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក ។

កម្លាំងប៉ូលិសដែលបានទៅកាន់កន្លែងកើតហេតុបាននិយាយថា រថយន្តធុនធំដឹកទូកុងតឺន័រ២គ្រឿង និងរថយន្តអ្នកដំណើរ២គ្រឿងបុកគ្នាក្នុងហេតុការណ៍នេះ ស្ថិតនៅចម្ងាយប្រហែល១.៦គីឡូម៉ែត្រភាគខាងត្បូង Alachua មិនឆ្ងាយប៉ុន្មានពីតំបន់ Gainesville ។ ក្រោយហេតុការណ៍បុកគ្នានេះ បានធ្វើឲ្យខ្ចាយប្រេងមកលើផ្លូវជាតិប្រហែល១៨៩លីត្រ ក៏បង្កឲ្យភ្លើងឆាបឆេះតែម្តង ។

មនុស្ស៨នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានអ្នករងរបួសធ្ងន់ផងដែរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។ ក្នុងហេតុការណ៍នេះ រថយន្តជាច្រើនគ្រឿង និងទ្រព្យសម្បត្តិសាធារណៈដែលនៅជិតកន្លែងកើតហេតុត្រូវបានរងការបំផ្លាញផងដែរ ។ មូលហេតុនៃហេតុការណ៍ប៉ូលិសនិយាយថា បាននិងកំពុងស៊ើបអង្កេតនៅឡើយទេ៕


ចែករំលែក៖