ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកដែលសម្លាប់យុវតីវ័យ ១៦ឆ្នាំម្នាក់ ត្រូវនគរបាលខណ្ឌជ្រោយចង្វា តាមចាប់ខ្លួនបានហើយ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាឈាមស្រែកស្បែកហៅមែន! ជនសង្ស័យដែលជាឃាតកសម្លាប់យុវតីវ័យ ១៦ឆ្នាំម្នាក់ កាលពីម៉ោងជាង ៦យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្នុងរោងគោ តាមបណ្ដោយផ្លូវទន្លេសាប ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា-ខណ្ឌជ្រោយចង្វាដោយបានយកទូរស័ព្ទ និងគ្រឿងអលង្ការ ហើយរត់គេចខ្លួនបាត់ស្រមោល ពេលនេះត្រូវបានចាប់ខ្លួនហើយ ។

លោក ឯក សេរីវុធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា បានប្រាប់ឲ្យដឹងថា ក្រោយពីកើតហេតុ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌ និងសហការជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់ក្រុង បានបើកប្រតិបត្តិការស្រាវជ្រាវតាមប្រមាញ់ និងឃាត់ខ្លួនជនសង្ស័យដែលជាឃាតកបាន ព្រមទាំងដកហូតបានទូរស័ព្ទដៃ មួយគ្រឿងវិញ កាលពីម៉ោង ៥ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះបងប្អូនរបស់ជនសង្ស័យ ដែលស្ថិតក្នុងភូមិរំចេក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

លោក ឯក សេរីវុធ បានបន្តទៀតថា ក្រោយពីកើតមានករណីឃាតកម្ម ដោយប្រើក្រម៉ារឹតកសម្លាប់យុវតីម្នាក់ ព្រមទាំងយកគ្រឿងអលង្ការ និងទូរស័ព្ទ ហើយរត់គេចខ្លួន។ ក្រោយមកសមត្ថកិច្ចជំនាញបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ រួមនិងកម្លាំងនគរបាលការិយាល័យបច្ចេកទេសចក្ខុកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងបានសន្និដ្ឋាន និងវាយតម្លៃថា ជាករណីឃាតកម្ម ខណៈដែលជនសង្ស័យជាឃាតកបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួចហើយ ក៍បានរត់គេចខ្លួនទៅផ្ទះបងប្អូននៅឯខេត្តកំពង់ឆ្នាំង ហើយសមត្ថកិច្ចបានបើកប្រតិបត្តិការស៊ើបអង្កេត និងកំណត់បាននូវមុខសញ្ញាឃាតក ហើយក៏តាមប្រមាញ់រហូតចាប់ខ្លួនបាននៅឯខេត្តកំពង់ឆ្នាំងតែម្ដង។

លោក ឯក សេរីវុធ បានបញ្ជាក់ថា ជនសង្ស័យជាឃាតកដែលត្រូវចាប់ខ្លួនឈ្មោះ យ៉ុង ឧត្តម «ហៅទន្សាយ» ភេទប្រុស អាយុ ១៧ឆ្នាំ មានមុខរបរ កម្មករសុីឈ្នួលដឹកគោ ស្នាក់នៅក្បែរផ្ទះជនរងគ្រោះ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉ាន ស្រីមុំ អាយុ ១៦ឆ្នាំ មានមុខរបរ សិស្ស ស្នាក់នៅជាមួយឪពុកឈ្មោះ ទូ ល័សមាន និងមានម្ដាយឈ្មោះ ជីត ម៉ ជាជនជាតិ ខ្មែរឥស្លាម មានមុខរបរ លក់សាច់គោ ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប ក្រុម៦ ភូមិដើគរ សង្កាត់-ខណ្ឌជ្រោយចង្វា។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវសមត្ថកិច្ចនាំទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖