ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនខ្ទើយ៣នាក់បន្ទាប់ពីចូលលួចទូរស័ព្ទក្នុងរថយន្តពេលម្ចាស់ស្រវឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តលែងរួចហើយ បានឈប់រថយន្តតាមដងផ្លូវដេកមួយសន្ទុះក្រោយមក ស្រាប់តែមានក្រុមខ្ទើយចំនួន៣នាក់ជិះម៉ូតូម៉ាក zoomerx មួយគ្រឿង មកធ្វើសកម្មភាពចូលលួចទូរស័ព្ទម៉ាក lphone បានហើយតែត្រូវបានសមត្ថឃើញទាន់ឃាត់ខ្លួនតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលង អធ្រាត្រឈានចូល ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខហាង បរមី កែសម្ភស្ស តាមបណ្តោយផ្លូវលេខ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ស៊ុយ សុខហួ ហៅ អាយ៉ា ភេទទីបី អាយុ២៣ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅព្រែកព្នៅ ទី២ឈ្មោះ អេតហ្សា ភេទទីបី អាយុ២៨ ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅជ្រោយចង្វា ទី៣ឈ្មោះ សុខកា ភេទទីបី អាយុ២៣ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅ គីឡូម៉ែត្រលេខ៦ ។

តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានកំពុងល្បាតក្នុងមូលដ្ឋានស្រាប់តែឃើញរថយន្តឡិចសុីសមួយគ្រឿង បានឈប់ដេកតាមដងផ្លូវព្រោះតែមានស្ថានភាពសៃ្រវឹង ដោយឃើញដូចនោះរូបគាត់ក៏បានឈប់ចាំមើល ព្រោះមានជនឆ្លៀតឱកាសចាំមកធ្វើសកម្មភាពគាស់ទ្វារថយន្តលួចទ្រព្យសម្បត្តិជាញឹកញាប់ ។

បន្ទាប់មកស្រាប់តែមានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូម៉ាក zoomerx មួយគ្រឿងពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GR 1791 មកឈប់ក្បែរហើយមានជនសង្ស័យម្នាក់បានចូលទៅធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចយកទូរស័ព្ទម៉ាក iPhone 6plus មួយគ្រឿងបានសម្រេចហើយបម្រុងរត់ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទំនប់ទឹកនិងកសាងសំណំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំកាមនចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖