ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួក៨នាក់ ជិះរថយន្ត១គ្រឿងវាយបុរសម្នាក់កំពុងអង្គុយលេងក្នុងបរិវេណកាស៊ីណូរងបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ជិះរថយន្ត១គ្រឿង ធ្វើសកម្មភាពមានដំបង និងដាវសាំម៉ូរ៉ៃ ដេញវាយបុរសម្នាក់កំពុងអង្គុយលេងលើវាលស្មៅកាស៊ីណូផ្កាយ៥ បណ្តាលឱ្យរងបួសធ្ងន់ ។ ជនសង្ស័យរងការឃាត់ខ្លួនពីកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដោយឡែកបក្ខពួក៧នាក់ទៀត រត់គេចខ្លួនបាត់ ។

ហេតុការណ៍កើតឡើង នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងជើងកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈឿត ឈឿយ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោកចាស់ ឃុំសំបួរស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ជនសង្ស័យឈ្មោះ វ៉េត វណ្ណ: ភេទប្រុស អាយុ៣១ឆ្នាំ រស់ភូមិសាមគ្គីមានជ័យ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានមកអង្គុយលេងនៅវាលស្មៅខាងជើងកាស៊ីណូផ្កាយប្រាំ មួយសន្ទុះក្រោយមក ស្រាប់តែមានរថយន្តមួយគ្រឿងមានក្មេងទំនើងចំនួន៨នាក់ ជិះមកដល់ចំណុចកើតហេតុនោះ ហើយពួកគេកក៏ចុះពីរថយន្តរត់យ៉ាងប្រសាចមានដបង និងដាវសាំម៉ូរ៉ៃវាយ និងកាប់ទៅលើជនរងគ្រោះដោយមិនដឹងមូលហេតុ បណ្ដាលអោយជនរងគ្រោះរបួសយ៉ាងធ្ងន់ ។

ក្រោយពីធ្វើសកម្មភាពរួច ប្រជាពលរដ្ឋនៅទីនោះ បានរាយការណ៍មកអាវុធហត្ថក្រុងប៉ោយប៉ែត ឲ្យចុះទៅជួយអន្តរាគមន៍ ហើយក៏មានការដឹកនាំកម្លាំងមួយក្រុមចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែក៧នាក់ទៀតឡើងជិះរថយន្តគេចខ្លួនបាត់អស់ ។

លោកវរសេនីយ៍ត្រី ជា ដា បានប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ អនុវត្តន៍តាមផ្លូវច្បាប់ ដោយឡែកបក្ខពួករត់គេចខ្លួន៧នាក់ទៀត អាវុធហត្ថកំពុងស្រាវជ្រាវដើម្បីស្វែងចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា

res (2)

res (1)

res
សូមអានបន្តទៀត ៖ សត្វខ្លាឃ្មុំជាប់អន្ទាក់លើដើមឈើ


ចែករំលែក៖