ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនចោរឆក់កាំភ្លើងខ្លីម៉ាក GLOCK19 របស់លោកអធិការរងខណ្ឌមានជ័យ បានហើយនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់កាបូបយួរដៃរបស់លោកអធិការរងខណ្ឌមានជ័យ បានសម្រេចដោយក្នុងកាបូបនោះមានអាវុធខ្លី មួយដើមម៉ាក GLOCK19 ហើយគេចខ្លួនបាត់៥ថ្ងៃក្រោយមក ត្រូវកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅក្នុងទឹកដីខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ករណីឃាត់ខ្លួនចោរឆក់កាំភ្លើងខាងលើនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ ៦កើត​ ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះសំណាក់យីហោ ទិត ហួរ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃពណ៌ខ្មៅ) នៅចំណុចមុខផ្ទះលេខ៨ ផ្លូវលេខ២៩៤ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ។

នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ន សំនៀង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦០E0Z ផ្លូវលេខ១២២ ក្រុម៧០ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉េង វិមានតារា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាលោកអធិការរងនគរបាលខណ្ឌមានជ័យ ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្រ្តីដដែលបន្តថា នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះសំណាក់យីហោ ទិត ហួរ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ដោយការឃាត់ខ្លួននេះសមត្ថកិច្ចបានដកហូតអាវុធខ្លី មួយដើមម៉ាក GLOCK19 ពណ៌ខ្មៅ លេខ AAMY860 ផលិតនៅប្រទេសអាមេរិកចំនួន និងបង់អាវុធខ្លីចំនួនមួយ មានគ្រាប់ចំនួន៤ ជារបស់ជនរងគ្រោះឈ្មោះ ម៉េង វិមានតារា ហើយសមត្ថកិច្ច បានឃាត់យកមកស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ។ សម្ភារៈដែលបាត់បង់នោះ រួមមាន៖ អាវុធខ្លីម៉ាក GLOCK19 ពណ៌ខ្មៅ លេខAAMY860 ផលិតនៅប្រទេសអាមេរិកមួយដើម, បង់អាវុធខ្លីចំនួនមួយ, គ្រាប់ចំនួន១៥, ទូរសព្ទ័ដៃម៉ាក Samsung Galaxy S9 ពណ៌ខ្មៅ, បណ្ណសម្គាល់យានយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2AC- 8798, បណ្ណបើកបរចំនួន១, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន១, កាត ATM ចំនួន៤សន្លឹក, ប្រាក់រៀលចំនួន ៤លានរៀល និងប្រាក់ដុល្លារ ២០ដុល្លារអាមេរិក ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖