ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៤នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង ០០នាទី នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ៖ យោងតាមពាក្យបណ្តឹងរបស់ជនររងគ្រោះទាំង០៤នាក់ និងដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្តីពីការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា រាល់បទល្មើសដែលកើតមានឡើងក្នុងភូមិសាស្រ្ត និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់។

ប្រភពបន្តថា ជនសង្ស័យ៖ ១/-ឈ្មោះ វ៉ាង ញ៉ាញ់ ហៅអាណាង ហៅអាញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/-ឈ្មោះ ខៀវ សារិត ហៅ ង៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣/-ឈ្មោះ ចាន់ ស្រីលាក់ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នផ្ទះជួលផ្លូវចូលខារ៉ាអូខេឡាហ្វីរ៉ា ស្ថិតក្នុង ភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៤/-ឈ្មោះ សន ធារិទ្ធ ហៅញ៉ាញ់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ ។

ដកហូតវត្ថុតាងរួមមាន ៖ ១.-ម៉ូតូចំនួន ០៤គ្រឿង។ ១-ម៉ូតូម៉ាក MSX ពណ៌ខ្មៅ ចំនួន ០១គ្រឿង ២-ម៉ូតូម៉ាក HONDA DREAM ឆ្នាំ២០១៥ ពណ៌ខ្មៅ ចំនួន ០១គ្រឿង ៣-ម៉ូតូម៉ាក HONDA DREAM ឆ្នាំ២០១៨ ពណ៌ខ្មៅ ចំនួន ០១គ្រឿង ៤-ម៉ូតូម៉ាក HONDA DREAM ឆ្នាំ២០១១ ពណ៌ខ្មៅ ចំនួន០១គ្រឿង និងស្លាកលេខម៉ូតូចំនួន ០៥សន្លឹក ព្រមទាំងសម្ភារកែឆ្នៃម៉ូតូ មួយចំនួន។

បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ឲ្យដឹងថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តបទលួច និងកាច់កសោរម៉ូតូ តាំងពីឆ្នាំ២០១៧ មកម្លេះ និងបានធ្វើសកម្មភាពលួចម៉ូតូ បានជាច្រើនគ្រឿងមកហើយ ពេលលួចបាន ខ្លួន និងបក្សពួក បានយកម៉ូតូមកកែឆ្នៃឲ្យប្លែកពីសភាពដើម ហើយបានយកទៅលក់ និងដាក់បញ្ចាំដាច់នៅតាមកន្លែងផ្សេងៗ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ លួចមានស្ថានទម្ងន់ទោស បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។

ចំណែកម៉ូតូ ចំនួន ០៤គ្រឿង កម្លាំងជំនាញកងរាជអាវុធហត្ថ បានប្រគល់ជូនទៅម្ចាស់ដើមវិញហើយ ៕


ចែករំលែក៖